ខេត្តកណ្តាល ៖ គួរឲ្យសង្វេគណាស់លោកអើយ កៀកថ្ងៃចូលឆ្នាំ កន្លែងធ្វើការឲ្យសម្រាក ជិះម៉ូតូឌុបប្រពន្ធកូនទៅស្រុក អកុសលកំពុងឆ្លងផ្លូវ ត្រូវរថយន្តបុកពេញទំហឹង ស្លាប់ទាំង២នាក់យ៉ាងរន្ធត់បំផុតភ្លាមៗ រួចរថយន្តនោះបន្តល្បឿនបើករត់គេចខ្លួនបាត់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨ និង ៣០នាទីយប់ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ លើកំណាត់ផ្លូវជាតិលេខ៤ ស្ថិតនៅភូមិត្រពាំងរាំង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល ចន្លោះគីឡូម៉ែត្រ២៨-២៩ ។
សមត្ថកិចច្នគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងម៉ូតូម៉ាក HONDA Beat C110 ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1LF- 7970 (ពាក់មួកសុវត្តិភាពនិង មានកញ្ចក់មើលក្រោយ) បើកបរដោយឈ្មោះសឿន សុធារ៉ា ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិត្រពាំងខ្ចៅ ឃុំត្រាចទង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ រួមដំណើរដោយឈ្មោះកែម សាមាន ភេទស្រី អាយុ៤២ឆ្នាំ ត្រូវជាប្រពន្ធ និងឈ្មោះសឿន ស្រីពេជ្រ ភេទស្រី អាយុ៣ឆ្នាំ ត្រូវជាកូន ក្នុងទិសដៅពីកើតទៅលិច (ភ្នំពេញ-កំពង់ស្ពឺ) លុះពេលមកដល់ចំណុចកើតហេតុ ម៉ូតូបានបត់ឆ្វេងឆ្លងផ្លូវ ស្របពេលនោះក៏មានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក មិនស្គាល់ផ្លាកលេខ បើកបរមកពីទិសខាងលិច ទៅកើត (កំពង់ស្ពឺ-ភ្នំពេញ) បានបុកម៉ូតូឆ្លងផ្លូវខាងលើក្នុងទិសដៅផ្ទុយគ្នាតែម្តង ក្រោយកើតហេតុរថយន្តបានបើករត់គេចខ្លួនទៅទិសខាងកើតបាត់។
សមត្ថកិច្ចបញ្ជាក់ទៀតថា ករណីនេះបណ្ដាលមកពីអ្នកបើកបរម៉ូតូ HONDA Beat បើកឆ្លងផ្លូវមិនបានមើលឱ្យគ្រប់ជ្រុយជ្រោយមុននឹងឆ្លងផ្លូវ ខ្វះការប្រុងប្រយ័ត្ន
ចំណែករថយន្ត បើកក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន និងបានបើកគេចចេញពីកន្លែងកើតហេតុ។
បច្ចុប្បន្នចំពោះសព បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី និងវាស់វែងយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក អង្គស្នួល ។ ចំណែករថយន្ត កម្លាំងជំនាញបានកំពុងស្រាវជ្រាវដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់ ៕







