ខេត្តកណ្តាល ៖ ក្រោយមានករណីយុវជន២នាក់ សង្ស័យដាច់លុយជិតចូលឆ្នាំ ជិះម៉ូតូឌុបគ្នាមកលួចស្រាបៀរចំនួន២ កេស រួចរត់គេចខ្លួនបាត់ស្រមោល ខណៈដែលសមត្ថកិច្ចក្រុងតាខ្មៅប្រកាសឲ្យសមីខ្លួន យកស្រាបៀរមកប្រគល់ឲ្យម្ចាស់គេវិញនោះ ពេលនេះសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ហើយ នៅម្នាក់ទៀតកំពុងរត់គេចខ្លួន ។
យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបង្ហោះនៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥នេះថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនសាធារណជនពាក់ព័ន្ធគេហទំព័រឈ្មោះ Veasna Newspaper ដែលបានផ្សព្វផ្សាយវីដេអូ កាមេរ៉ាសុវត្ថិភាព ករណី បុរសពីរនាក់ ជិះម៉ូតូធ្វើសកម្មភាពលួចស្រាបៀរ ផ្ទះលក់ចាប់ហួយ នៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ។
ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ស្នងការ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើបានម្នាក់ ។
សមត្ថកិច្ចបានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧ និង ៣០នាទីយប់ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ចំពោះករណីនេះជនរងគ្រោះមិនស្គាល់ឈ្មោះ មិនបានមកដាក់ពាក្យបណ្តឹងនោះទេ។ ចំណែកសម្ភារៈបាត់បង់ ស្រាបៀរ ABC ចំនួន០២កេស។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ជនសង្ស័យចំនួន០២នាក់៖
១-ឈ្មោះ មហាម៉ាត់ សេនណុល ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលរយៈពេល ០៦ខែ ករណីអំពើលួច ជនសង្ស័យមានសារធាតុញៀននូវក្នុងទឹកនោមវិជ្ជមាន (+)។
២-ឈ្មោះ ហៅក្រៅ ញ៉ាញ់ ភេទប្រុស អាយុ២០ឆ្នាំ មិនស្គាល់ទីលំនៅ (គេចខ្លួន)។
ចំណែក វត្ថុតាងចាប់យក៖ ទូរសព្ទចំនួន០២គ្រឿង (ម៉ាកSamsung មួយគ្រឿង និងម៉ាកOPPOមួយគ្រឿង)។
តាមការសាកសួរជនសង្ស័យបានឆ្លើយថា ខ្លួននិងបក្ខពួកម្នាក់ទៀតឈ្មោះ ញ៉ាញ់ ពិតជាបាននាំគ្នាធ្វើសកម្មភាពលួចស្រាបៀរ ABC របស់គេនៅចំណុចភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ប្រាកដមែន តែស្រាបៀរនោះពួកគាត់បានយកទៅលក់បានមួយកេសតម្លៃ ២០ដុល្លារ យកលុយស៊ីចាយអស់ហើយ។ ចំណែកទូរសព្ទម៉ាក OPPO ពួកគាត់លួចនៅម្តុំគល់ស្ពាន់វត្តព្រែកសំរោង រីឯទូរសព្ទ Samsung ពួកគាត់លួចនៅភូមិលេខ២ សង្កាត់ស្វាយរលំ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕






