ករណី២នាក់ប្តីប្រពន្ធលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារ ដោយតូចចិត្តជាមួយមន្រ្តីប៉ុស្តិ៍ស្រះចកមិនទទួលពាក្យបណ្តឹង ពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវរក២នាក់ប្តីប្រពន្ធខាងលើដើម្បីសួរនាំ និងដាក់ពាក្យបណ្តឹងវិញដើម្បីសមត្ថកិច្ចអនុវត្តតាមនីតិវិធី (មានវីដេអូ)
សន្តិសុខសង្គម
342

រាជធានីភ្នំពេញ ៖ ក្រោយមានករណី ប្តីប្រពន្ធ១គូ ដឹកដៃគ្នាមកលោតទឹកសម្លាប់ខ្លួនដែលគាត់ផ្ទាល់ បាននិយាយថា ខ្លួនទើបតែដួលម៉ូតូរបួស ហើយប្រពន្ធរបស់ខ្លួនទៀតសោត ត្រូវបានអ្នកដែលស្គាល់គ្នា ប្រើល្បិចហៅទៅឲ្យជួយធ្វើម្ហូប រួចចាក់បាស់លឺៗ និងរំលោភ រួចហើយគំរាមសម្លាប់ខ្លួនជាប្តីនេះទៀត ទើបខ្លួនភ័យ គិតអីមិនចេញ នាំគ្នា២នាក់ប្រពន្ធប្ដីមកលោតទឹកស្ពានជ្រោយចង្វារ សំណាងល្អមិនស្លាប់ ចំពេលអ្នកនេសាទកំពុងរកត្រីនៅខាងក្រោមស្ពានស្រាប់ បានឃើញក៏ចេញទូកទៅជួយសង្គ្រោះទាន់ពេលវេលា កាលពីវេលាម៉ោង ១និង ៣០នាទីរសៀល ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ នៅចំណុចក្រោមស្ពានជ្រោយចង្វារផ្ទាល់តែម្តង ។

ក្រោយទទួលបានករណីនេះភ្លាម យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហោះនៅវេលាម៉ោង ១២និង ១៣នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២៥ ទាំងស្រុងថា ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សសូមបំភ្លឺជូនសាធារណជនជុំវិញការផ្សព្វផ្សាយតាមបណ្តាញសង្គម គឺមានពីរនាក់ប្តីប្រពន្ធបានលោតទឹកសម្លា..ប់ខ្លួន ពីលើស្ពានជ្រោយចង្វារ ត្រូវបានទូកអ្នកនេសាទសង្រ្គោះ ដោយតូចចិត្តជាមួយមួយមន្រ្តីបុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញមិនទទួលពាក្យបណ្តឹង ករណីពួកមិត្តភក្តិចាប់រំលោ..ភប្រពន្ធខ្លួន!

ជុំវិញករណីនេះនៅថ្ងៃទី ១៦ ខែមេសាឆ្នាំ២០២៥ វេលាម៉ោង ១៥និង០០នាទី មានស្រ្តីពីរនាក់ និង ប្រុសម្នាក់ សរុប៣នាក់ មកប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ដោយក្នុងចំណោម៣នាក់នោះ មានស្រ្តីម្នាក់ជាជនរងគ្រោះឈ្មោះ ស៊ីម ចិរិយា មករាយការណ៍ថាមានករណីចាប់រំលោ.ភមកលើខ្លួន កាលថ្ងៃទី១៥ខែមេសាឆ្នាំ២០២៥ នៅចំណុចភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅពេលនោះបានមកជួប មន្រ្តីប៉ុស្តិ៍២នាក់ហើយក៏បានសួរនាំរឿងហេតុការណ៍ជុំវិញអំពីបញ្ហាករណីរំលោ..ភនេះ។

ក្រោយពីសមត្ថកិច្ចសួរនាំបានបន្តិចមក តែត្រូវជនរងគ្រោះ (ឈ្មោះ ស៊ីម ចរិយា ) ក៏បានប្រាប់សមត្ថកិច្ចវិញថាឈប់ដាក់ពាក្យបណ្ដឹងទៀតហើយ ហើយក៏ក្រោកដើរចេញទៅក្រៅប៉ុស្តិ៍នគរបាលរដ្ឋបាល ខណៈនោះសមត្ថកិច្ចក៏តាមហៅស្រ្តីរងគ្រោះមានឈ្មោះខាងលើមកវិញដើម្បីសរសេរក្នុងពាក្យបណ្ដឹងបន្ដ តែត្រូវស្រ្តីខាងលើពុំព្រម ក្នុងពេលនោះដែរឈ្មោះ រុន ស្រីនាង និង ឈ្មោះ ឈួន សង្ហា ដែលជាបងប្អូនជីដូនមួយ ដែលនាំស្រ្តីរងគ្រោះមកដាក់ពាក្យបណ្តឹង ក៏ដើរតាមហៅដែរតែស្រ្តីរងគ្រោះនោះមិនព្រមក៏ដើរគេចបាត់ទៅ ទើបតែថ្ងៃទី ១៨ខែមេដា២០២៥ សមត្ថកិច្ចទទួលបានពីសារព័តមាន ផ្សព្វផ្សាយតាមបណ្តាញសង្គមថា មានករណីលោតទឹកពីលើស្ពានជ្រោយចង្វារដោយសារខឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចកមិនព្រមទទួលពាក្យបណ្តឹងរកយុត្តិជូនប្រពន្ធគាត់ដែលត្រូវមិត្តភក្តិចា..ប់រំលោ..ភ ។

បន្ទាប់ពីឃើញការផ្សព្វផ្សាយនោះហើយសមត្ថកិច្ចបានតាមស្វែងរក២នាក់ប្តីប្រពន្ធនោះដើម្បីសួរនាំតែរកមិនឃើញនោះទេ ដោយសារពួកគាត់រស់នៅគ្មានទីលំនៅពិតប្រាកដ។ ទោះបីយ៉ាងណាក៍ដោយក្រោយសមត្ថកិច្ចបានទទួលព័ត៌មានតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន បច្ចុប្បន្នកម្លាំងប៉ុស្តិ៍និងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញកំពុងស្រាវជ្រាវតាមស្វែងរកឃាត់ខ្លួនជនសង្ស័យដើម្បីសួរនាំ និងក៍កំពុងព្យាយាមស្វែងរកស្រ្តីរងគ្រោះមកដាក់ពាក្យបណ្តឹងដើម្បីឲ្យសមត្ថកិច្ចអនុវត្តតាមនីតិវិធី៕ នេះជារូបភាពបំភ្លឺរបស់ឈ្មោះ រុន ស្រីនាង ភេទស្រី និង ឈ្មោះ ឈួន សង្ហា ភេទប្រុស ដែលត្រូវជាបងប្អូនជីដូនមួយស្រ្តីរងគ្រោះនៅពេលនាំស្រ្តីរងគ្រោះមកដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក




Telegram