ស្រលាញ់គ្នាបាន ៥ឆ្នាំ ឈ្លោះគ្នា ទើបត្រូវគ្នាវិញបានកន្លះខែ ចូលដៃចូលជើងចេញដើរលួ./..ចម៉ូតូគេជាច្រើនគ្រឿង ខាងប្រុសរត់បា./.ត់ សល់តែខាងស្រី!
សន្តិសុខសង្គម
122

ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យជាស្ត្រីម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ គ្រាន់តែឃើញសមត្ថកិច្ចភ្លាម រត់ភ្លែត ឃាត់បានម្នាក់សួរនាំ ឆែកឆេររកឃើញ វត្ថុតាងសម្រាប់ចេញធ្វើសកម្មភាព បន្តឆែកឆេរនៅរោងចាំចម្ការរកឃើញម៉ូតូជាច្រើនគ្រឿង ដែលក្រុមចោរទាំងនេះ លួចបាន រួមនិងសម្ភារៈជាច្រើនទៀត ។

ការបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង ២១ និង៣០ នាទី ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ដោយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជាម៉ៅពេជ្រនិល សហការណ៍ជាមួយកម្លាំងប្រជាការពារ ល្បាតពួនស្ទាក់នៅគោលដៅប្រឈម បានឃើញមនុស្សចំនួន០២នាក់ ៖

១-ឈ្មោះ សឿន តួ ភេទប្រុស អាយុ២៥ឆ្នាំ

២-ឈ្មោះ យ៉ែម ផានិត ភេទស្រី អាយុ ២២ឆ្នាំ ទាំងពីរនាក់ត្រូវជាសង្សានឹងគ្នា ជាកម្មករចាំចម្ការស្វាយឲ្យឈ្មោះ ហ៊ឹម វណ្ណា ភេទប្រុស ស្នាក់នៅក្នុងភូមិសម្បទានសែនជ័យ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច បានជិះម៉ូតូ០១គ្រឿង ម៉ាកសេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ គ្មានស្លាកលេខ មកដល់ចំណុច ខាងលើក៏បានឃើញសមត្ថកិច្ច រួចបានជិះគេចខ្លួនបានបន្តិច ក៏ទុកម៉ូតូរួចរត់គេចខ្លួនបាត់ បន្សល់ទុកឈ្មោះ យ៉ែម ផានិត និងម៉ូតូ នៅកន្លែងកើតហេតុ។

បន្ទាប់មកសមត្ថកិច្ចបានហៅជនសង្ស័យឈ្មោះ យ៉ែម ផានិត មកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលយាយម៉ៅពេជ្រនិល និងឆែកម៉ូតូខាងលើបានឃើញសម្ភារៈវត្ថុតាងមួយចំនួនរួមមាន ៖ ដាវកែច្នៃចំនួន ០១ដើម, សោលេខ៨ចំនួនពីរ , សោលេខ១០ចំនួនពីរ និង សោលេខ១៤ចំនួន១ដើម ។

តាមការសាកសួរទៅលើជនសង្ស័យឈ្មោះ យ៉ែម ផានិត បានឆ្លើយសារភាពថា ខ្លួនជាសង្សានិងឈ្មោះ សឿន តួ (រត់គេចខ្លួន) បានស្គាល់គ្នានៅភ្នំពេញប្រហែល ៤-៥ ឆ្នាំហើយឈ្លោះគ្នា ទើបត្រូវគ្នាវិញប្រហែល ១៥ថ្ងៃ ក៏មកស្នាក់នៅក្នុងចំការស្វាយខាងលើ ពេលខ្លួនចូលនៅបានឃើញម៉ូតូចំនួន ០២គ្រឿង៖

១-ម៉ូតូម៉ាក វ៉េវពណ៌ក្រហម គ្មានស្លាកលេខ ជនសង្ស័យប្រាប់ថាបានលួចពីខេត្តកោះកុង

២-ម៉ូតូម៉ាក សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CA-8495 (ម៉ូតូចាស់) ជនសង្ស័យប្រាប់ថាគេយកមកបញ្ចាំ។

ដោយកាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង១៤ និង ៥០ នាទី ឈ្មោះ សឿន តួ បានប្រាប់ខ្លួនថាបានលួចយកម៉ូតូ ម៉ាកសេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ បានចំនួន ០១គ្រឿង និងមានលុយចំនួន៣,០០០,០០០ រៀល (បីលានរៀល) នៅចំណុចមុខបន្ទាយថ្លុកតាសេក ស្ថិតក្នុងភូមិទី៣ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច។

ក្រោយពីបានចម្លើយសារភាពរួចមកនៅថ្ងៃទី១៧ ខែ ឆ្នាំខាងលើវេលាម៉ោង ២៣ និង០០ នាទី ដោយមានការចូលរួមពីអជ្ញាធរភូមិ ឃុំ សមត្ថកិច្ចបាននាំជនសង្ស័យឈ្មោះ យ៉ែម ផានិត ទៅត្រួតពិនិត្យឆែកឆេរ រោងចាំចម្ការខាងលើ បានដកហូតវត្ថុតាងរួមមាន៖

១-ម៉ូតូម៉ាក វ៉េវពណ៌ក្រហម គ្មានស្លាកលេខ ជនសង្ស័យប្រាប់ថាបានលួចពីខេត្តកោះកុង

២-ម៉ូតូម៉ាក សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CA-8495 (ម៉ូតូចាស់) ជនសង្ស័យប្រាប់ថាគេយកមកបញ្ចាំ

៣-ម៉ូតូម៉ាកសេ១២៥ សេរី២០១៧ ពណ៌ខ្មៅ ចំនួន ០១គ្រឿង ជនសង្ស័យលួច កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ នៅចំណុចមុខបន្ទាយថ្លុកតាសេក ស្ថិតក្នុងភូមិទី៣ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ។

៤-ឧបករណ៍សំរាប់វិចខ្ចប់ និងសំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន

៥-គ្រឿងបន្លាស់ម៉ូតូមួយចំនួន។

បញ្ជាក់ ៖ នៅក្នុងខ្ទមចាំចម្ការស្វាយខាងលើ មានមនុស្ស០៤ រស់នៅជាប្រចាំ

១-ឈ្មោះ យ៉ែម ផានិត ភេទស្រី អាយុ២២ឆ្នាំនៅភូមិសម្បទានសែនជ័យ ឃុំយាយម៉ៅពេជ្រនិល (ឃាត់ខ្លួន)

២-ឈ្មោះ សឿន តួ ភេទប្រុស អាយុ២៥ឆ្នាំ(គេចខ្លួន)

៣-ឈ្មោះ អែល ភេទប្រុស អាយុប្រហែល២២ឆ្នាំ(គេចខ្លួន)

៤-ឈ្មោះ ម៉េង ខាន់ណារាជ្យ ហៅម៉ាប់ ភេទប្រុស អាយុ២៦ឆ្នាំ(គេចខ្លួន) ទាំងបីនាក់ស្នាក់នៅចាំចំការស្ថិតក្នុងភូមិសម្បទានសែនជ័យ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

តាមចម្លើយបញ្ជាក់បន្ថែមពីឈ្មោះ យ៉ែម ផានិត បានប្រាប់ឈ្មោះទាំង០៣នាក់ខាងលើ គឺជាបក្សពួកនិងគ្នា តែងធ្វើសកម្មភាពលួចម៉ូតូនិង ប្រើប្រាស់គ្រឿងជាមួយគ្នា នៅក្នុងចម្ការស្វាយខាងលើ។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមជាមួយនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ និងកំពុងតាមចាប់ឃាត់ខ្លួនជនសង្ស័យដែលនៅសេសសល់បន្តទៀត ៕ នុច


Telegram