រាជធានីភ្នំពេញ ៖ បុរសម្នាក់កំពុងជិះកង់តាមផ្លូវ ត្រូវរថយន្តស៊េរីទំនើប Range Rover បើកបរដោយជនបរទេស ក្នុងល្បឿនលឿន បុកពីក្រោយពេញទំហឹង ខ្ទាតទៅប៉ះរបាំងថ្មចែកផ្លូវ បែកក្បាលស្លាប់នៅនឹងកន្លែងភ្លាមៗយ៉ាងអាសូរទាំងព្រឹកព្រលឹម។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៦និង ១៥នាទីព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ តាមបណ្ដោយផ្លូវ ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិបរទេសម្នាក់ បានបើករថយន្តមួយគ្រឿង ម៉ាក Range Rover ពាក់ផ្លាកលេខភ្នំពេញ 2BX-8289 តាមបណ្ដោយផ្លូវ ៦០ម៉ែត្រក្នុងល្បឿនលឿន ទិសដៅពីជើងទៅត្បូង មកដល់ចំណុចកើតហេតុ សង្ស័យឈ្ងោកចុចទូរស័ព្ទ ក៏រេចង្កូតរថយន្ដទៅបុកបុរសម្នាក់កំលោះចាស់ សព្វថ្ងៃរស់នៅជាមួយប្អូនៗ កំពុងជិះកង់ចេញពីផ្ទះនៅព្រែកតាគង់ មកតាមផ្លូវចំពីក្រោយពេញទំហឹង ខ្ទាតអ្នកជិះកង់ទៅប៉ះនឹងរបាំងថ្មចែកផ្លូវបែកក្បាលស្លាប់ភ្លាមៗតែម្តង។ ចំណែកអ្នកបើករថយន្ដ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅប៉ុស្ដិ៍រដ្ឋបាលចាក់អង្រែក្រាម។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌមានជ័យ សហការជាមួយនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការវាស់វែង យករថយន្តនិងកង់ទៅរក្សាទុក រង់ចាំដោះស្រាយនៅពេលក្រោយតាមច្បាប់ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ នុច







