កម្មករ កម្មការិនីរោងចក្រ ជាង២០នាក់ ក្អួតចង្អោរ សង្ស័យពុលនំបញ្ចុក ដែលលក់មុខរោងចក្រ
សន្តិសុខសង្គម
85

ខេត្តកណ្ដាល៖ បន្ទាប់ពីទទួលបានដំណឹង មានកម្មករ កម្មការិនី នៅរោងចក្រមួយកន្លែង ដែលមានគ្នាចំនួន២៣នាក់ បានពុលអាហារ កំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពសៀមរាប ក្នុងស្រុកកណ្ដាលស្ទឹង និងខ្លះទៀតសម្រាកព្យាបាលនៅគ្លីនិកឯកជន នារសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្ត តំណាងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ដោយមានការចូលរួមពីមន្ទីរសុខាភិបាលខេត្ត អាជ្ញាធរស្រុកកណ្ដាលស្ទឹង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិការបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ឧបត្ថម្ភដល់កម្មករ កម្មការិនី ដែលពុលអាហារនៅមណ្ឌលសុខភាព និងគ្លីនិកឯកជនដោយផ្ទាល់។

ក្នុងឱកាសចុះសួរសុខទុក្ខ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្ត បានពាំនាំយកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចមហាបវរអធិបតី នាយករដ្ឋមន្ត្រី និងឯកឧត្តមអភិបាលខេត្តកណ្ដាល ដោយក្ដីនឹករលឹក។

ឯកឧត្តមអភិបាលរងខេត្តបន្តថា៖ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្ដេចមហាបវរអធិបតី នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះសុខទុក្ខរបស់បងប្អូនកម្មករ កម្មការិនីទាំងអស់ ព្រោះថាបន្ទាប់ពីទទួលបានព័ត៌មានភ្លាម ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ បានយកចិត្តទុកដាក់តាមដាន និងពិនិត្យជាប់ជាប្រចាំ ដើម្បីធានាបានថាបងប្អូនទាំងអស់ដែលពុលអាហារ នៅពេលនេះមិនមានគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរដល់អាយុជីវិតឡើយ។

ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលរងខេត្ត បានលើកទឹកចិត្តដល់កម្មករ កម្មការិនីទាំងអស់ កុំមានការព្រួយបារម្ភ និងភ័យខ្លាច ចំពោះការចំណាយក្នុងការព្យាបាល ព្រោះថាបងប្អូនរបស់យើងមានប.ស.ស ក្នុងការរ៉ាប់រងថ្លៃចំណាយទាំងអស់ ដូច្នេះសូមបងប្អូនសម្រាកឱ្យបានស្រួល ថែបំប៉នសុខភាពឱ្យបានល្អ ដើម្បីឆាប់ជាសះស្បើយ និងចូលបម្រើការងារបន្តទៀត។

លោក គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្ដាល បានឱ្យដឹងថា៖ កម្មករ កម្មការិនីដែលកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពសៀមរាប ក៏ដូចជានៅគ្លីនិកឯកជន ពួកគាត់បានពិសារនំបញ្ចុកដែលលក់នៅខាងមុខរោងចក្រ មុនចូលបំពេញការងារ ហើយបន្ទាប់មកពួកគាត់ មានអាការៈធីងធោង វិលមុខ ក្អួតចង្អោរ រាកញឹកញាប់ (៤ ទៅ៦ដង) និងចុកពោះខ្លាំង។

លោកប្រធានមន្ទីរ ក៏បានឱ្យដឹងទៀតថា៖ គិតមកដល់ពេលនេះកម្មក រកម្មការិនីទាំងអស់ មានអាការៈធូរស្បើយឡើងវិញហើយ បន្ទាប់ពីមានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យនៅមណ្ឌលសុខភាពសៀមរាប ក្នុងការព្យាបាលដោយការយកចិត្តទុកដាក់។

លោកប្រធានមន្ទីរ ក៏បានឱ្យដឹងទៀតថា៖ ជំហានដំបូងក្រុមការងារបានដាក់ការសង្ស័យថាបណ្ដាលមកពីការហូបនំបញ្ចុក ពីព្រោះអ្នកដែលមានអាការៈពុលអាហារនេះ សុទ្ធតែបានហូបនំបញ្ចុកមុនចូលធ្វើការ ហើយមកដល់ពេលនេះ ក្រុមការងារកំពុងតែពិនិត្យ និងស្រាវជ្រាវរកមូលហេតុ ដែលបណ្ដាលឱ្យមានការពុលអាហារនេះ ៕ នុច


Telegram