ខេត្តកណ្តាល៖ ជនសង្ស័យជាមុខសញ្ញាចេញពីពន្ធនាគារម្នាក់ ត្រូវបាននគរបាលស្រុកស្អាង ចាប់ឃាត់ខ្លួនបន្ទាប់ពីជនសង្ស័យខាងលើធ្វើសកម្មភាព លួចម៉ូទ័របូមទឹក និង ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋបានចំនួន០៧លើក ។
ហេតុការណ៍នេះដែលកាលពីវេលាម៉ោង ០៦ យប់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅចំណុចភូមិព្រែកស្នង ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ។
សមត្ថកិច្ចបានឱ្យដឹងថាជនរងគ្រោះមានឈ្មោះ ម៉ែន សុថា ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិព្រែកស្នង ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។ ចំណែកជនសង្ស័យមានឈ្មោះ មិន សាន់ ហៅ(ស៊ឺ) ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ (មានសារធាតុញៀនវិជ្ជមាន) មានទីលំនៅភូមិព្រែកស្នង ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។ និងធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលចំនួន០២លេីកទី០១ រយះពេល ០១ ឆ្នាំ ០៦ ខែ ករណីអំពើលួច(មាន់) ។ ទី០២ រយះពេល ០៨ ខែ ករណីរក្សាទុកដោយខុសច្បាប់នូវសាធាតុញៀន ។
បើយោងតាមប្រភពព័ត៌មានពីជនរងគ្រោះបានឱ្យដឹងថាជនសង្ស័យខាងលើជាមនុស្សប្រើប្រាស់គ្រឿងញៀនជាប្រចាំ ហើយតែងតែលួចរបស់របរ និង ផលដំណាំរបស់ប្រជាពលរដ្ឋនៅក្នុងភូមិព្រែកស្នង ឃុំព្រែកគយ ជាញឹកញាប់ផងដែរ ។ លុះរហូតមកដល់នៅថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ០៦ និង ០០នាទីយប់ ជនរងគ្រោះបានទៅដីចំការរបស់ខ្លួនស្រាប់តែមិនឃើញម៉ូទ័របូមទឹក(បាត់)ក៏បានដើរទៅសាកសួរអ្នកភូមិដែលនៅជិតចំការជាមួយគ្នាក៏គេប្រាប់ថា <មានជនសង្ស័យឈ្មោះ មិន សាន់ ហៅសុឺ បានធ្វើសកម្មភាពលួចយកម៉ូទ័របូមទឹករបស់ខ្លួនយកទៅបាត់ហើយ>ទើបប្រញាប់ប្រញាល់មកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកគយ ដើម្បីឱ្យជួយអន្តរាគមន៍ ពេលទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ ភ្លាមៗកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកគយ សហការជាមួយកម្លាំងនគរបាលស្រុកស្អាង ចុះធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ រួមទាំងវត្ថុតាងយកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា បន្ទាប់ពីខ្លួនចេញពីពន្ធនាគារវិញបានធ្វើសកម្មភាព លួច
ម៉ូទ័របូមទឹកចំនួន០១គ្រឿង និង ធ្វើសកម្មភាពលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋបានចំនួន០៧ លេីកមកហេីយ ។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ នគរបាលស្រុកស្អាង កំពុងកសាងសំណុំរឿងបញ្ចូលទៅតុលាការចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕ នុច



