ខេត្តកំពង់ស្ពឺ ៖ យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា អនុវត្តតាមបទបញ្ជាដ៏មានប្រសិទ្ធភាព នៅមានសុពលភាព ឯកឧត្ដម បណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ករណីក្មេងទំនើងបង្ហោះម៉ូតូដាច់ខាតមិនលើកលែង ទុកម៉ូតូ៣-៦ខែ នឹងកោរសក់ពុះជើងក្អែកគ្មានបទល្មើសផ្សេងប្រគល់ជូនអាណាព្យាបាលគ្រប់គ្រងអប់រំប្រដៅទូន្មានបុត្រធីតាឡើងវិញ។
ក្នុងនោះ អនុវត្តតាមបទបញ្ជាផ្ទាល់លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ នារសៀលថ្ងៃ២១ មេសា ២០២៥ កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចបានចុះល្បាតលើផ្លូវបេតុងចំណុចភូមិក្រាំងចចាត ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានពើបប្រទះជួបក្មេងទំនើង មានគ្នា០២នាក់ កំពុងធ្វើសកម្មភាពបង្ហោះម៉ូតូ ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅពាក់ផ្លាកលេខកំពង់ស្ពឺ1L-9183 អ្នកបើកបរមានឈ្មោះ ភន វាសនា ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិច្រកឫស្សី ឃុំធម្មតាអរ ស្រុកសំរោងទង និងអ្នកជិះពីក្រោយឈ្មោះ រឿន ពុទ្ធា ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិប្រសាទ ឃុំមហាសាំង ស្រុកភ្នំស្រួច។
ជាក់ស្ដែងចំពោះក្មេងទំនើងទាំង០២នាក់ សមត្ថកិច្ចនគរបាលបានកាត់សក់និងអញ្ជេីញអាណាព្យាបាលមកធ្វើកិច្ចសន្យាទទួល-ប្រគល់ជូនអប់រំណែនាំប្រដៅទូន្មាន កុំឲ្យបន្ដធ្វើ ទង្វើបែបនេះជាលើកទី២ ចំណែកម៉ូតូបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចរយៈពេល០៣ខែ៕



