ខេត្តតាកែវ ៖ មានការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹម ខណៈអគ្គិភ័យបានឆាបឆេះរោងចក្រ ផលិតចានជ័រមួយកន្លែង យ៉ាងសន្ធោសន្ធៅ ហ៊ុយផ្សែងខ្មួរខ្មាញ់ត្របាញ់ឡើងលើអាកាស បំផ្លាញខ្ទេចគ្មានសល់ បើទោះបីជាភ្លាមៗ មានការប្រញាប់ចេញអន្តរាគមន៍បាញ់ពន្លត់ទឹក ពីខាងរថយន្តពន្លត់អគ្គិភ័យគ្រប់គោលដៅយ៉ាងណាក៏ដោយ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨ព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ នៅចំណុចរោងចក្រផលិតចានជ័រមួយកន្លែង នៅក្នុងឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។
ក្នុងនោះ យោងតាមផេកផ្លូវបការរបស់ ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានបង្ហោះឲ្យដឹងថា ជុំវិញករណីអគ្គិភ័យនេះ ដោយភ្លើងបានឆាបឆេះលេបត្របាក់អស់អគារមួយខ្នងទំហំ ១២០០ម៉ែត្រការ៉េ ខណៈអគារ២ខ្នងផ្សេងទៀត ដែលនៅជិតគ្នាមិនមាការរាលដាលនោះទេ។
ទោះបីជាយ៉ាងណា សូមបញ្ជាក់ថា មកដល់វេលាម៉ោង៩និង៣០នាទីនេះ កម្លាំងជំនាញបង្ការពន្លត់អគ្កិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សហការណ៍ជាមួយបណ្ដាលស្រុកផ្សេងៗសរុប ៤គ្រឿងកំពុងអន្តរាគមន៍បាញ់ពន្លត់នៅកន្លែងកើតហេតុ ។ តែទោះបីយ៉ាងណាគេនៅមិនទាន់ដឹងពីទំហំ នៃការខូចខាត និងមូលហេតុនៃការឆាបឆេះនេះនៅឡើយទេ ៕ នុច






