ខេត្តសៀមរាប ៖ ទីបំផុតសមត្ថកិច្ចធ្វើការចាប់ខ្លួនបានហើយ យុវជនដែលវាយទៅលើស្ត្រីអ្នកសុំទាន កូន.ខ្ចី និងជេរប្រមាថ គ្មានញញើតដៃ ហើយត្រូវបានគេបង្ហោះពេញលើបណ្តាញសង្គម ពេលនេះកំពុងត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ និកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
ការចាប់ឃាត់ខ្លួនយុវជនខាងលើ ធ្វើឡើងដោយមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ក្រោមកិច្ចសហការដ៏ល្អ រវាងកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការជាមួយ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងកម្លាំងផែនការងារនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានចុះស្រាវជ្រាវ រហូតឈានដល់ឃាត់បានយុវជនដែលបានធ្វើសកម្មភាពវាយទៅលើស្ត្រីអ្នកសុំទាន កូន.ខ្ចីនិងជេរប្រមាថ ខាងលើ បញ្ជូនទៅតុលាការខេត្តសៀមរាបចាត់ការបន្ត ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ កន្លងទៅ មានគណនីហ្វេសប៊ុកឈ្មោះ Ro Bito បានបង្ហោះឃ្លីបវីដេអូខ្លីមួយ ប្រើហិង្សាវាយអ្នកសុំទានសរសៃខ្ចី ក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប វេលាម៉ោង ១ និង ៤៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យ ក៏បានគេចខ្លួនបាត់ ចំណែកជនរងគ្រោះជាស្ត្រីរងគ្រោះ ក៏បានបាត់ខ្លួនមិនដឹងទៅរស់នៅទីណាដែរ។
ទោះបីជាយ៉ាងណា ក្រោយឃើញទង្វើខាងលើ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តសៀមរាប បានដាក់បទបញ្ជាដ៏ម៉ឺងម៉ាត់ ចាត់ឱ្យកម្លាំងជំនាញ ចុះធ្វើការស្រាវជ្រាវជុំវិញករណី នេះ រហូតកំណត់អត្តសញ្ញាណជនសង្ស័យបានរស់នៅរាជធានីភ្នំពេញ។ ទើបនៅថ្ងៃទី ២២ ខែ មេសា ឆ្នាំ២០២៥ សមត្ថកិច្ចបានសហការគ្នា ចុះមកនាំខ្លួនជនសង្ស័យឈ្មោះ ឡេ ថារ៉ូ ភេទប្រុស អាយុ២៣ឆ្នាំ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្ននៅសង្កាត់ចោមចៅទី២ ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Ro BiTo ខាងលើ យកមកធ្វើការសាកសួរ បានឆ្លើយថា ខ្លួនពិតជាបានធ្វើសកម្មភាពវាយទៅលើស្ត្រីរងគ្រោះខាងលើ និងបានជេរប្រមាថពិតប្រាកដមែន ដោយយសារពេលនោះខ្លួនបានទៅអង្គុយហូបហ្វឺ នៅជាប់នឹងម៉ាត 7 ELEVEN ជិតpub street ក្នុងក្រុងសៀមរាប បានឃើញស្ត្រីអ្នកសុំទានម្នាក់ និងមានកូនតូច កំពុងអង្គុយមុខម៉ាត 7 ELEVEN ដើម្បីសុំប្រាក់ពីភ្ញៀវ ក៏ដើរទៅនិយាយណែនាំ និង ឱ្យស្ត្រីសុំទានរូបនោះចេញពីមុខម៉ាត ប៉ុន្តែស្ត្រីសុំទាននោះមិនស្តាប់ខ្លួនខឹងក៏បានយកទូរសព្ទដៃរបស់ខ្លួនថតវីដេអូ និងវាយទៅលើស្ត្រីសុំទានរូបនោះ២ដៃ ចំថ្ពាល់ខាងឆ្វេង និងបានជេរប្រមាថទៅលើស្ត្រីសុំទានដូចក្នុងវីដេអូ ។
ពេលនេះ សមត្ថកិច្ចជំនាញកំពុងស្វែងរកស្ត្រីជនរងគ្រោះជាអ្នកសុំទានមាន កូនខ្ចី ខាងលើ ដើម្បីឱ្យមកដាក់ពាក្យបណ្តឹងផងដែរ ខណៈជនសង្ស័យរូបនេះ កំពុងត្រូវបានកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងដ្ឋាននគរបាលខេត្តសៀមរាប កសាងសំណុំរឿងបញ្ជូនទៅអយ្យការ ចំណាត់ការបន្តតាមនីតិវិធីច្បាប់ ៕




