រថយន្តម៉ាសឺដេស ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ក្រោយមានការធ្លាក់ភ្លៀងមួយមេធំ (មានវីដេអូ)
រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរ ខណៈ រថយន្តម៉ាសឺដេសមួយគ្រឿងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ក្រោយមានការធ្លាក់ភ្លៀងមួយមេធំ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤និង៥០នាទី ល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ នៅចំណុចផ្លូវបេតុង ភូមិទ្រង់មាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា រថយន្តដែលត្រូវអគ្គិភ័យឆាបឆេះនេះ ជាប្រភេទរថយន្តម៉ាកម៉ាសឺដេស មានម្ចាស់ឈ្មោះ Huang Zhenlong ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិចិន ។ ចំណែកមូលហេតុ បណ្តាលមកពីការឆ្លងចរន្តភ្លើង បង្កជាអគ្គិភ័យ ភ្លាមៗត្រូវបានសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យមួយគ្រឿងចុះទៅអន្តរាគមន៍បាញ់ពន្លត់នៅទីតាំងកើតហេតុ រហូតរលត់ទៅវិញនៅវេលាម៉ោង ៥ និង១០នាទីថ្ងៃល្ងាចដដែល ៕ នុច







