ខេត្តតាកែវ ៖ មហោស្រពនៅខេត្តតាកែវ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលជាខ្លាំង ដល់បងប្អូនប្រជាពលរដ្ឋ និងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ចុះមកអន្តរាគមន៍បាញ់ពន្លត់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨និង៤០នាទីព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ ក្នុងភូមិមួយ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ។
តាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា មហោស្រពដែលត្រូវអគ្គិភ័យឆាបឆេះនេះ មានទំហំ ១៦ម៉ែត្រ x៤០ម៉ែត្រ ដំបូល ដែកប្រក់ក្បឿង និងជញ្ជាំងធ្វើអំពីប៉េតុង ជាកម្មសិទ្ធិរបស់មន្ទីរវប្បធម៌ខេត្តតាកែវ។
ក្នុងនោះក៏បណ្តាលឲ្យឆេះ សម្ភារៈខូចខាតរួមមាន៖ ម៉ាស៊ីនត្រជាក់ចំនួន ០៨គ្រឿង ផ្ទាំងបញ្ចាំងស្លាយ ចំនួន ០១ផ្ទាំង កុំព្យូទ័រលើតុចំនួន ០១គ្រឿង ស្ពីឃ័រចំនួន ១៥គ្រាប់ ម៉ាស៊ីន Magecter ចំនួន ០១គ្រឿង ទូរទស្សន៍ចំនួន ០២គ្រឿង អាំភ្លីចំនួន ០៦គ្រាប់ កាំមេរ៉ចំនួន ០៦គ្រឿង ទូរដាក់អីវ៉ាន់ ចំនួន ០១ អង្ករចំនួន ០២បាវ កៅអីចំនួន ២៥០ កង្ហារចំនួន ០៣។
សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រតិបត្តិការខាងលើ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យស្នងការដ្ឋាននគរបាលខេត្តតាកែវ ស្រុក
សំរោង ស្រុកបាទី ស្រុកត្រាំកក់ ស្រុកទ្រាំង និងរថយន្តកែច្នៃរបស់ឯកជន សរុបចំនួន០៦គ្រឿង ប្រើប្រាស់អស់ទឹកចំនួន១៦ រថយន្តទើបពន្លត់រលត់ជាស្ថាពរនៅវេលាម៉ោង១០និង១០នាទី តែមិនបណ្តាលឲ្យ ឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ។ ចំណែកមូលហេតុសមត្ថកិច្ចបញ្ជាក់ថា បណ្តាលមកពី ឆ្លងចរន្តអគ្គិសនី (ផ្ទុះសេខ្សែភ្លើង) ៕







