រាជធានីភ្នំពេញ៖ និស្សិតស្រី សាកលវិទ្យាល័យកម្ពុជាម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍ ស្លាប់យ៉ាងរន្ធត់ទាំងព្រឹកព្រលឹម ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៦ និង៤០នាទីព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ នៅចំណុច ផ្លូវ១៨០០ក្នុងភូមិទួលពពែ សង្កាត់ទួលសង្កែទី២ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
តាមសមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ សាង គីមឡាង ភេទស្រី អាយុ២៨ឆ្នាំ ជានិស្សិតសាកលវិទ្យាល័យកម្ពុជា ស្នាក់នៅផ្ទះ២F ផ្លូវបេតុង ភូមិគោលគោ សង្គាត់គីឡូម៉ែត្រ៦ ខណ្ឌឬស្សីកែវ ររាជធានីភ្នំពេញ បានជិះម៉ូតូម៉ាកម៉ូតូHONDA scoopy-I ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 1F- 6281 ស៊េរី២០១២ តែម្នាក់ឯងធ្វើដំណើរ តាមបណ្ដោយផ្លូវ១៨០០ក្នុងទិសដៅពីលិចទៅកើត មកដល់ចំណុចកើតហេតុខាងលើ ក៏រេចង្កូតទៅខាងស្តាំដៃបុកបង្គោលភ្លើងអគ្គីសនីបំភ្លឺផ្លូវពេញទំហឹង បណ្ដាលឲ្យបោកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដង ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ធ្វើការវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុក និងប្រគល់សពឲ្យក្រុមគ្រួសារសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ នុច




