រាជធានីភ្នំពេញ ៖ ករណីឃាតកម្មដ៍សាហាវមួយបានកើតឡើង ដោយជនដៃដល់ជាប្អូនថ្លៃ បានកាប់ប្រហារ បងថ្លៃស្រីរបស់ខ្លួន ស្លាប់យ៉ាងរន្ធត់បំផុតក្នុងថ្លុកឈាម រួចព្យាយាមរត់គេចខ្លួន ប៉ុន្តែត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ អនុវត្តតាមបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំដោយផ្ទាល់ ដោយលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ រួមទាំងលោក វរសេនីយ៍ទោ ជាង ហុកសែ អធិការរងទទួលផែនព្រហ្មទណ្ឌ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ដង្កោ ឡោមព័ទ្ធបុកចូលចាប់ខ្លួនបាននៅវេលាម៉ោង ២១និង៥៥នាទី ថ្ងៃខែឆ្នាំដដែល ពោលគឺចាប់បាន ក្រោយសម្លាប់ជនរងគ្រោះបាន ១ម៉ោង ។
ករណីឃាតកម្មនេះបានកើតឡើងនៅវេលាម៉ោង ៨និង ៣០នាទីយប់ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ វ៉ា ស្រីនិច ភេទស្រី អាយុប្រហែល ៣០ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅផ្ទះកើតហេតុខាងលើ។ ចំណែកជនដៃដល់ជាជនសង្ស័យមានឈ្មោះ ចិន ចាន់ចំណាប់
ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះកើតហេតុខាងលើ (ត្រូវជាប្អូនថ្លៃជនរងគ្រោះ) ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានដឹកកូនស្រីចេញពីបុរីមកផ្ទះ ពេលមកដល់ផ្ទះជនរងគ្រោះបានឱ្យកូនទៅម្ដាយក្មេក ហើយក៏ដើរចូលទៅក្នុងបន្ទប់របស់ខ្លួនជាន់ទី១។ ភ្លាមនោះស្រាប់តែជនសង្ស័យដែលត្រូវជាប្អូនថ្លៃឈ្មោះ ចិន ចាន់ចំណាប់ ដែលកំពុងតែនៅក្នុងផ្ទះ បានកាន់កាំបិតប៉័ងតោចូលទៅក្នុងបន្ទប់របស់ជនរងគ្រោះ ហើយបិទទ្វារ និងបានធ្វើសកម្មភាពកា..ប់ទៅលើជនរងគ្រោះជាបងថ្លៃស្រី ជាច្រើនកាំបិតចំក្បាលផ្នែកខាងក្រោយ និងលើដងខ្លួន បណ្ដាលឱ្យស្លាប់នៅកន្លែងកើតហេតុតែម្ដង។ ក្រោយមកជនសង្ស័យក៏បានរត់គេចខ្លួនបាត់ បន្សល់ទុកកាំបិតបុង័តោ នៅកន្លែងកើតហេតុ។ ប៉ុន្តែត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ អនុវត្តតាមបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំដោយផ្ទាល់ ដោយលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ រួមទាំងលោក វរសេនីយ៍ទោ ជាង ហុកសែ អធិការរងទទួលផែនព្រហ្មទណ្ឌ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ដង្កោ ឡោមព័ទ្ធបុកចូលចាប់ខ្លួនបាននៅវេលាម៉ោង ២១និង៥៥នាទី ថ្ងៃខែឆ្នាំដដែល ចំណុចផ្លូវលំ ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ពោលគឺចាប់បាន ក្រោយសម្លាប់ជនរងគ្រោះបាន ១ម៉ោង ។
តាមការបំភ្លឺពីម្ដាយបង្កើតរបស់ជនសង្ស័យថា ជនសង្ស័យបានធ្លាប់យកទៅដាក់មណ្ឌលបន្សាបគ្រឿងញៀន៣ដងរួចមកហើយ។
ក្នុងនោះបើតាមចម្លើយសារភាពជនសង្ស័យបានឆ្លើយថា ខ្លួនពិតជាបានកាប់សម្លាប់បងថ្លៃស្រីរបស់ខ្លួនពិតមែន មូលហេតុដោយសារជនសង្ស័យជាមនុស្សញៀនថ្នាំ មានគំនុំខឹងទៅលើជនរងគ្រោះដែលជាបងថ្លៃ មិនសូវចូលចិត្តខ្លួន ។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការ ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕ នុច

.jpg?1745985384)



