ខេត្តកណ្តាល ៖ រថយន្តសណ្ដោងរ៉ឺម៉កមួយគ្រឿង ចតសំរាកសុខៗផ្ទុះឆេះក្បាលរថយន្តហុយផ្សែងទ្រលោម ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងរថយន្តពន្លត់អគ្គិភ័យចុះមកអន្តរាគមន៍បាញ់ពន្លត់ ។
.jpg?1746002774)
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១និង ៤០នាទី យប់ឈានចូលថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៥ នៅចំណុចផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ២៩-៣០ ស្ថិតនៅភូមិព្រៃក្រឡាញ់ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
សមត្ថកិច្ចនគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា មុនពេលកើតហេតុ មានប្រជាពលរដ្ឋបានរាយការណ៍មកកាន់សមត្ថកិច្ចថា មានករណីអគ្គិភ័យឆាបឆេះក្បាលរថយន្តសណ្ដោងរ៉ឺម៉កមួយគ្រឿង ម៉ាកHyundai ពណ៌ស (ប្រភេទសណ្ដោងរ៉ឺម៉កដឹងកុងទីន័រ) ពាក់ផ្លាកលេខ ភ្នំពេញ 3E-1562 បើកបរដោយឈ្មោះ យ៉ែម ចន្ធី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្រាំងស្លែង ឃុំតាំងខ្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ក្រោយពីទទួលបានព័ត៌មានបានភ្លាម កម្លាំងប៉ុស្ដិ៍ដំណាក់អំពិល សហកាជាមួយកម្លាំងអន្តរាគមន៍របស់អធិកាដ្ឋាន កម្លាំងប្រជាការពារ និងប្រជាពលរដ្ឋសរុប១៥នាក់ ប្រើប្រាស់រថយន្តពន្លត់អគិ្គភ័យរបស់អធិការដ្ឋាន បានបាញ់ពន្លត់អស់ទឹក០១រថយន្ត បានធ្វើការពន្លត់អគ្គីភ័យត្រង់ចំណុចខាងលើ រហូតរលត់១០០% នៅវេលាម៉ោង ២និង១០នាទី នាថ្ងៃដដែល។
.jpg?1746002778)
ចំពោះករណីខាងលើនេះ តាមការបញ្ជាក់ពីតៃកុងរថយន្តបានប្រាប់សមត្ថកិច្ចថា រថយន្តបានឈប់ចត ដើម្បីសំរាកតាំងពីម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ លុះដល់ម៉ោងកើតហេតុខាងលើ បានលឺសម្លេង ផ្ទុះ ពីក្រោយរថយន្ត ហើយក៏មានភ្លើង ឆាបឆេះ ដោយឆ្លងចរន្តអគ្គីសនី (ឆេះភុយស៊ីប) ហើយបានរាលដាលឆេះកាប៊ីន រថយន្តតែម្ដង តែសំណាងក្នុងករណីនេះ មិនបណ្តាលឲ្យនរណាម្នាក់ រងរបួសនោះទេ ៕នុច

