ក្រុមចោរកាប់ប្លន់យកម៉ូតូយ៉ាងសកម្ម ០៧នាក់ ប្រចាំខេត្តស្វាយរៀង ត្រូវសមត្ថកិច្ចបង្ក្រាបបាន
សន្តិសុខសង្គម
38

ខេត្តស្វាយរៀង ៖ ជនសង្ស័យ ០៧នាក់ជាក្រុមចោរកាប់ប្លន់យកម៉ូតូយ៉ាងសកម្ម ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បង្ក្រាបបានបញ្ជូនទៅកាន់ សាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់ ។ នេះបើយោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ០២:១០នាទី សមត្ថកិច្ចបានទទួលព័ត៌មានថានៅត្រង់ចំណុចភូមិរោងបន្លែ សង្កាត់ស្វាយរៀង​ ក្រុងស្វាយរៀង មានករណីលួចមានស្ថានទម្ងន់ទោស (កាប់ប្លន់យកម៉ូតូ) ។

ក្រោយពីទទួលបានព័ត៌មានករណីខាងលើនេះរួចមក លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្តស្វាយរៀង បានចាត់តាំង លោក វរសេនីយ៍ឯក គឹម ឡៃ ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ ដឹកនាំកម្លាំងការិយាល័យជំនាញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ធ្វើការស្រាវជ្រាវ និងនិងឃាត់ខ្លួនជនសង្ស័យចំនួន ០៧នាក់ ប្រុស ព្រមទាំងដកហូតវត្ថុតាង÷ ម៉ូតូ ០៣គ្រឿង (ម៉ូតូធ្វើសកម្មភាព ០២គ្រឿង) និងទូរស័ព្ទ ០៣គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមផ្លូវច្បាប់ និងត្រូវបានសាលាដំបូងខេត្តចេញដីកាឃុំខ្លួនក្នុងពន្ធនាគាររួចហើយ ៕ 

Telegram