ខេត្តកំពង់ស្ពឺ៖ អនុវត្ដបទបញ្ជាលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងតាម
ប្រសាសន៍ឯកឧត្ដម បណ្ឌិត អភិបាលខេត្ដកំពង់ស្ពឺ ករណីក្មេងទំនើង " ដោយមិនលើកលែងទោះជាកូនអស់លោកអ្នកណាក៏ដោយ ។
តួយ៉ាងនាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១៧និង៤៥នាទី ល្ងាច កម្លាំងនគរបាលនៃអធិការនគរបាលស្រុកគងពិសី បានសហការដឹកនាំកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃញាតិ បង្ក្រាបមុខសញ្ញាក្រុមក្មេងទំនើងដែលបង្ហោះម៉ូតូនៅចំណុចក្នុងបឹងអូរត្រែង ស្ថិតនៅភូមិស្វាយ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ០៣នាក់ ដែលមាន
ឈ្មោះ ៖
១-ឈ្មោះ ណី សុផាយ៉ាត ភេទប្រុស អាយុ១៧ឆ្នាំ ម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ សេរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1IT.0039។
២-ឈ្មោះ ហយ រ៉ូម៉ា ភេទប្រុស អាយុ ១៦ឆ្នាំ នៅភូមិជម្រៅ ឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៨ ពាក់ផ្លាកលេខភ្នំពេញ1HA.3579
៣-ឈ្មោះ ហង្ស ណាក់ ភេទប្រុស អាយុ ១៦ឆ្នាំ នៅភូមិស្វាយ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២៤ ពាក់ផ្លាកលេខភ្នំពេញ1LA.8199 ។
តាមការបញ្ជាក់ពី លោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសី អោយដឹងថា ក្រុមក្មេងទំនើងដែលធ្វើសកម្មភាពបង្ហោះម៉ូតូរួចបានរត់គេចខ្លួន ប៉ុន្ដែដោយការចង្អុលដឹកនាំពីលោកស្នងការ នគរបាលខេត្តកំពង់ស្ពឺ កំលាំងនគរបាលបន្ដចុះស្រាវជ្រាវឈានឃាត់បាននៅចំណុចតូបកាត់សក់ជាប់ផ្លូវជាតិលេខ៣ ស្ថិតនៅភូមិផ្សាគុម្ពឫស្សី ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ ។
យោងតាមប្រសាសន៍ណែនាំឯកឧត្ដម អភិបាលខេត្ដ សមត្ថកិច្ចនគរបាលបានបន្ដនីតិវិធីកោសក់ក្បាល ពុះជើងក្អែក និងដកហូតយកម៉ូតូទាំង៣គ្រឿងមករក្សាទុករយៈពេល ៣ខែនិងអញ្ជើញអាណាព្យាបាលមកធ្វើកិច្ចសន្យាទទួលខុសត្រូវចំពោះសកម្មភាពរបស់កូនៗនិងសន្យាអប់រំកូនមិនអោយប្រព្រឹត្ដទង្វើបែបនេះបន្ដជាលើកទី២ ករណីមិនរាងចាល សមត្ថកិច្ចនឹងអនុវត្តនីតិវិធីតាមផ្លូវច្បាប់៕



