ខេត្តកណ្តាល៖ ជនសង្ស័យម្នាក់ មិនដឹងកើតអី យករណាអារទុយោទឹកស្អាត និងយកកាំបិតផ្គាក់គំរាមកំហែងចង់សម្លាប់ប្រពន្ធជនរងគ្រោះ ត្រូវប្តីជនរងគ្រោះប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចភូមិក្បាលកោះ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សឿន ចិន្តា ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិក្បាលកោះ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ កសិករ។ ចំណែក ជនសង្ស័យមានឈ្មោះ ជួន សំណាង ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិក្បាលកោះ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ មានសារធាតុញៀនក្នុងទឹកនោម(+)។
.jpg?1747471038)
ក្នុងនោះសមត្ថកិច្ចបានធ្វើការវត្ថុតាងចាប់យក កំណាត់ឈើជ្រុង១, ទុយោជ័រប្រវែង៥ម៉ែត្រ, កណ្តៀវដងឈើ០១, រណាដងឈើ០១, កាំបិតផ្គាក់អត់ដង០១ ញញួរដំការូ០១ និងខូចខាត សម្ភារៈ ទុយោទឹកស្អាត និងម៉ាស៊ីនបូមទឹក០១គ្រឿង។
.jpg?1747471043)
សមត្ថកិច្ចបានឲ្យដឹងទៀតថា កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង០៥ ព្រឹក ប្រពន្ធជនរងគ្រោះបានភ្ញាក់ពីដេក បំរ៉ុងងូតទឹករៀបចំខ្លួនទៅធ្វើការ តែពេលទៅដល់កន្លែងងូតទឹកស្រាប់តែឃើញទុយោទឹកស្អាតចូលដាក់ពាងត្រូវបានគេអារកាច់បំបាក់ចោល និងម៉ាស៊ីនបូមទឹកត្រូវបានគេយកទឹកកូកាកូឡាលាយជាមួយដីចាក់ចូលទៅក្នុងប្រេងបាតថែមទៀតផង។ ឃើញដូចនោះប្រពន្ធជនរងគ្រោះបានសង្ស័យទៅលើប្អូនថ្លៃឈ្មោះជួន សំណាង ក៏ទៅសួរនាំ ធ្វើឲ្យជនសង្ស័យខឹងក៏បានទាញកាំបិតផ្គាក់ស្រែកគំរាមចង់សម្លាប់ប្រពន្ធជនរងគ្រោះ ជនរងគ្រោះខឹងក៏មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍កោះអន្លង់ចិនឲ្យចុះទៅឃាត់ខ្លួនជនសង្ស័យយកមកសួរនាំនិងចាត់ការតាមនីតិវិធី។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានយករណាអារទុយោទឹកស្អាតនិងយកកាំបិតផ្គាក់គំរាមកំហែងចង់សម្លាប់ប្រពន្ធជនរងគ្រោះ ប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋានដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕

