ទូតឥណ្ឌូនេស៊ី៖ការនាំយកសំណុំរឿងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) គឺជាជម្រើសសម្រាប់កម្ពុជា និងប្រទេសដទៃ ទៀតនៅពេលមានជម្លោះព្រំដែន
ព័ត៌មានជាតិ
68

យោងតាមការចេញផ្សាយរបស់ក្រសួងព័ត៌មាន បានឲ្យដឹងថា ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជាចាត់ទុកថា ក្នុងជម្លោះវិវាទតាមព្រំដែនរវាងកម្ពុជា-ថៃ តាមរយៈយន្តការដោះស្រាយទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ឬហៅកាត់ថា ICJ ជា កិច្ចខិតខំប្រឹងប្រែងមួយក្នុងចំណោមដំដោះស្រាយផ្សេងៗទៀតដែលយើងអាចធ្វើទៅបានរវាងប្រទេសទាំង២គឺកម្ពុជា និងថៃ ។កន្លងមកប្រទេសខ្លះក៏បានយកជម្រើសមួយនេះផងដែរ។

ថ្លែងប្រាប់បណ្តាញសារព័ត៌មាន ក្នុងសន្និសីទសារព័ត៌មាន ពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការកម្ពុជា-ឥណ្ឌូនេស៊ី នាថ្ងៃទី ៤ មិថុនានេះឯកឧត្តម សាន់តូ ដារម៉ូស៊ូម៉ារតូ (Santo Darmosumarto)ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា បានឱ្យដឹងថាការដែលកម្ពុជាចង់យករឿងជម្លោះវិវាទព្រំដែនទៅឱ្យតុលាការយុត្តិធម៌អន្តរជាតិគឺជាចំណោមយន្តការមួយអាចរកដំណោះស្រាយជម្លោះវិវាទនេះទៅបានផងដែរ។ទោះបីយ៉ាងណាយើងក៏ត្រូវឯកភាពរវាងប្រទេសទាំង២ជាមុនសិន។

ជាមួយគ្នានេះឯកឧត្តមបានធ្វើការចែករំលែក និងរំលឹកដែលប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ីមានជម្លោះវិវាទហើយបាននាំគ្នាទៅឱ្យតុលាការយុត្តិធម៌អន្តរជាតិកាត់ក្តី។ដោយក្នុងនេះឯកឧត្តមបានលើក ទឹកចិត្តឱ្យប្រទេសកម្ពុជា -ថៃ បន្តដោះស្រាយព្រំដែននេះ ហើយត្រូវសហការគ្នា ដើម្បីដោះស្រាយនៅICJ និងព្រមជាមួយគ្នានេះដែរឯកឧត្តមក៏បានផ្តល់ជាគំនិតដល់ការដោះស្រាយជម្លោះវិវាទដែលកើតមានរវាងកម្ពុជាថៃនាពេលនេះតាមរយន្តការ របស់អាស៊ាន សម្រាប់សម្របសម្រួល ដើម្បីបញ្ចប់បញ្ហាវិវាទដែលកំពុងក្តៅគគុកមួយនេះ។

ឯកឧត្តមបានបន្ថែមថា “ឥណ្ឌូនេស៊ីតែងតែគាំទ្រដំណោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈការសន្ទនាបើកចំហ និងស្ថាបនា”។

ឯកអគ្គរដ្ឋទូត ឥណ្ឌូនេស៊ីបានលើកឡើងពីការបន្តតួនាទីរបស់ឥណ្ឌូនេស៊ីក្នុងដំណើរការសន្តិភាពនៅកម្ពុជា រួមទាំងតាមរយៈការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំក្រៅផ្លូវការពីទីក្រុងហ្សាកាតានៅចុងទសវត្សរ៍ឆ្នាំ១៩៨០ និងការធ្វើជាសហប្រធានសន្និសីទសន្តិភាពទីក្រុងប៉ារីស ព្រមទាំងការសម្របសម្រួលកិច្ចសន្ទនារវាងកម្ពុជា និងថៃក្នុងឆ្នាំ ២០១១ ក្នុងអំឡុងពេលជម្លោះព្រំដែននៃប្រទេសទាំងពីរ។

គួរបញ្ជាក់ថាក្នុងការប្រឈមមុខដាក់គ្នារវាងកងកម្លាំងកម្ពុជា និងថៃនៅតាមខ្សែបន្ទាត់ព្រំដែន ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសម្រេចលើកយកបញ្ហានេះប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីដោះស្រាយតាមច្បាប់។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ពីការសម្រេចលើកយកបញ្ហានេះប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីរក្សាសិទ្ធិក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន តាមគ្រប់មធ្យោបាយរួមទាំងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ក្នុងករណីមានការព្យាយាមឈ្លានពានបូរណភាពទឹកដីកម្ពុជាផងដែរ៕ 


Telegram