យោងតាមផេកផ្លូវការរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា - AKP បានឲ្យដឹងថា ឯកឧត្តម ហ៊ុន សារឿន ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសថៃ៖ "គោរពជូនបងប្អូនទាំងអស់ជាទីគោរពស្រឡាញ់។
អាស្រ័យដោយមានបងប្អូនជាច្រើនបានសម្តែងក្តីបារម្ភចំពោះមន្ត្រី បុគ្គលិក និងស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បន្ទាប់ពីទទួលបានដំណឹងអំពីការប្រមូលផ្តុំធ្វើបាតុកម្មរបស់បណ្តាញនិស្សិត និងប្រជាជន ដើម្បីកែទម្រង់ប្រទេសថៃ នៅមុខស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ក្នុងទីក្រុងបាងកក នៅព្រឹកថ្ងៃទី06 ខែមិថុនា ឆ្នាំ2025 នេះ។
ខ្ញុំបាទ តាងនាមមន្ត្រីបុគ្គលិកស្ថានទូតទាំងអស់ សូមជម្រាបជូនបងប្អូនមេត្តាជ្រាបថា៖ កាលពីវេលាម៉ោង ១០:០០ នាទីព្រឹក ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥ ក្រុមបាតុករដែលហៅខ្លួនឯងថា 《បណ្តាញនិស្សិត និងប្រជាជន ដើម្បីកែទម្រង់ប្រទេសថៃ》 បានប្រមូលផ្តុំគ្នាចំនួនប្រមាណ ២០០ នាក់ នៅទីតាំងដងផ្លូវម្ខាងទៀត ទល់មុខស្ថានទូតកម្ពុជា ដើម្បីធ្វើបាតុកម្ម ថ្លែងញត្តិ ទាមទារឲ្យកម្ពុជាគោរពអធិបតេយ្យជាតិថៃ។
ការប្រមូលផ្តុំបានប្រព្រឹត្តទៅដោយធម្មតា មានសណ្តាប់ធ្នាប់ និងរំសាយទៅវិញនៅវេលាម៉ោង ១១ៈ១៥ នាទីព្រឹក ថ្ងៃដដែល។
សមត្ថកិច្ចនគរបាលថៃបានដាក់កម្លាំងការពារសុវត្ថិភាពជូនស្ថានទូត និងមន្ត្រីបុគ្គលិករបស់ស្ថានទូតយ៉ាងហ្មត់ចត់ល្អប្រសើរ។
មន្ត្រីបុគ្គលិកនៃស្ថានទូតទាំងអស់ មានសុវត្ថិភាព និងបាននិងកំពុងបន្តបំពេញការងាររបស់ខ្លួនជាប្រក្រតី។
ស្ថានទូត កំពុងបើកដំណើរការផ្តល់សេវានានាជូនបងប្អូនប្រជាពលរដ្ឋខ្មែរ និងបរទេស ជាធម្មតា។
សូមបងប្អូនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងសូមទទួលនូវការគោរពរាប់អានដ៏ស្មោះស្ម័គ្រពីយើងខ្ញុំ ជាមន្ត្រីបុគ្គលិកនៃស្ថានទូតកម្ពុជាប្រចាំប្រទេសថៃទាំងអស់"៕

