ពុទ្ធោ! ផឹកស្រវឹង ខឹងឪពុកលាក់ម៉ារវេនទុកមិនឲ្យប្រើ ផ្ទុះកំហឹងឈានដល់ការសម្លាប់ឪពុក
សន្តិសុខសង្គម
117

ខេត្តព្រះវិហារ ៖ កូនអើយកូន ផឹកស្រវឹង ខឹងឪពុកលាក់ម៉ារវេនម៉ាស៊ីនគោយន្តកន្ត្រៃ ទុកមិនឲ្យប្រើ ផ្ទុះកំហឹងឈានដល់ការសម្លាប់ឪពុក រួចរត់គេចខ្លួន ពេលនេះត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ ចាត់ការតាមច្បាប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧ និង៣០ នាទី យប់ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ចំណុចខ្ទមស្រែត្រពាំងប៉ាលហាលស្ថិតនៅភូមិកោះកេរ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ។

តាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ដួង ស្រី ភេទប្រុស អាយុ៦០ឆ្នាំ ស្នាក់នៅចំណុចកើតហេតុខាងលើ។

ក្រោយពីទទួលព័ត៌មាន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគបាលស្រុកគូលែន  អាជ្ញាធរ ភូមិ ឃុំ កម្លាំងអាជ្ញាធរជាតិប្រចាំប្រាសាទកោះកេរ និងគ្រួសារសពបានចុះទៅដល់កន្លែងកើតហេតុ ពិនិត្យសាកសពមនុស្សម្នាក់ ភេទប្រុស នៅក្រោមសំយ៉ាបខ្ទមស្រែ  សពមានកម្ពស់១៥៥ស.ម ស្លៀកខោជើងខ្លីពណ៌ខ្មៅ គ្មានអាវ ដេកផ្ងារ បើកភ្នែកក្បាលទៅទិសខាងជើង  សណ្តូកជើងទៅទិសខាងត្បូង នៅជុំវិញដងខ្លួនសាកសពមាន ស្នាមមុតបបូរមាត់លើ២កន្លែង បាក់ឆ្អឹងកដៃឆ្វេង១កន្លែង បាក់ឆ្អឹងដុំដៃស្តាំ១កន្លែង បាក់ឆ្អឹងកដៃស្តាំ១កន្លែង មុតក្រោមដោះស្តាំ១កន្លែង បាក់ឆ្អឹងប្រអប់ជើងស្ដាំ១កន្លែង មុតគល់ក ១កន្លែង មុតចង្កេះស្ដាំ១កន្លែង ភ្លៅឆ្វេង១កន្លែង ភ្លៅស្ដាំ២កន្លែង និងកំភួនជើងស្ដាំ១កន្លែង។

តាមការបំភ្លឺ របស់ឈ្មោះ វេត វង់ភេទប្រសអាយុ៥៣ឆ្នាំ អ្នកស្រែនៅមិនឆ្ងាយពីគ្នាបានរាយការណ៍ជូនសម្ថកិច្ចយើងដឹងថា កាលពីថ្ងៃទី៣០ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល១១ថ្ងៃត្រង់ បានឃើញឈ្មោះ ណាវ វាសនា ហៅ ស៊ីណា ភេទប្រុសដើរមកសុំខ្ចីម៉ារវេនដើម្បីបញ្ឆេះម៉ាស៊ីនគោយន្តកន្ត្រៃ ព្រោះឪពុករបស់គាត់បានលាក់ទុក តែគាត់មិនឱ្យខ្ចីហើយកូនខឹងនិងឪពុក។ លុះម៉ោងប្រហែល៥រសៀល ឃើញឈ្មោះណា វាសនា មកខ្ទមគាត់ម្ដងទៀត។ បន្តិចក្រោយមកឃើញឈ្មោះ ដួង ស្រី ត្រូវជាឪពុករបស់វាសនាមកដែរ។ មួយសន្ទុះក្រោយមកកូននឹងឪពុកបានចេញទៅ រួចក៏ឮសំឡេងស្រែកចំនួន២ដង គាត់គិតថាប្រហែលជាកូនហៅរកឪពុក តែបែរជាប្រទះឃើញសពស្លាប់បែបនេះ ទៅវិញ​។

របាយការណ៍របស់សមត្ថកិច្ចបញ្ជាក់ទៀតថា កូនប្រុសឈ្មោះ ណាវ  វាសនា ហៅស៊ីណា ភេទប្រុសអាយុ៣៤ឆ្នាំ មុរបរកសិករ ទីលំនៅបច្ចុប្បន្នភូមិពពេលលិច ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវជាកូនបង្កើតរបស់ជនរងគ្រោះ បានផឹកស្រាជាប្រចាំ ហើយខឹងនឹងឪពុកលាក់ម៉ារវេនម៉ាស៊ីនគោយន្តកន្ត្រៃ ទុកមិនឲ្យប្រើប្រាស់ ក៏ឈានដល់ការសម្លាប់ឪពុកបែបនេះតែម្តង រួចរត់គេចខ្លួនបាត់ តែពេលនេះត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ នុច


Telegram