ខេត្តកណ្តាល៖ រដ្ឋបាលស្រុកកៀនស្វាយ ខេត្តកណ្តាល បានចេញសេចក្ដីជូនដំណឹង ដល់បងប្អូនអាជីវករផ្សារគគីរទាំងអស់ ដែលមានតូប ឬសំយ៉ាប ដែលសងរំលោភលើផ្លូវសាធារណៈ សូមរួសរ៉ាន់រុះរើដោយខ្លួនចេញឱ្យអស់មុនថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះបើមិនដូច្នោះទេ អាជ្ញាធរនឹងចាត់វិធានការតាមផ្លូវច្បាប់។
តាមរយៈសេចក្ដីជូនដំណឹងកាលពីថ្ងៃទី២ មិថុនាកន្លងទៅ អាជ្ញាធរស្រុកកៀនស្វាយលើកឡើងថាម្ចាស់ទីតាំងដីឡូតិ៍ និងបងប្អូនអាជីវករដែលលក់ដូរ នៅតាមដងផ្លូវសាធារណៈដែលបានសាងសង់តូប រាន លើចំណីផ្លូវ នៅមុខការិយាល័យរបស់រដ្ឋ ដែលបង្កផលប៉ះពាល់ដល់សណ្ដាបធ្នាប់សាធារណៈ ដោយកន្លងមកមានបងប្អូនអាជីវករមួយចំនួនបានលក់ដូរលើខឿននិង ខ្លះទៀតលក់រហូតដល់លើផ្លូវសាធារណាៈរបស់រដ្ឋថែមទៀតផង។
រដ្ឋបាលស្រុកសង្កត់ធ្ងន់ថា” សូមជូនដំណឹងដល់អាជីវករទាំងអស់សូមរុះរើតូប គ្រែ រោង របាំង និងបញ្ឈប់ការលក់ដូរលើខឿន ឬចំណីផ្លូវសាធារណៈឲ្យបានមុនថ្ងៃទី១៦ ខែ មិថុនា ឆ្នាំ ២០២១ជាកំហិត។ករណីមិនគោរពតាមការណែនាំនេះអាជ្ញាធរមានសមត្ថកិច្ចនឹងចាត់វិធានការផ្លូវច្បាប់ជាធរមាន”។ចំពោះម្ចាស់ទីតាំងដីឡូតិ៍ដែលមានបំណងចង់សាងសង់តូប រាន សម្រាប់ជួលឲ្យអាជីវករលក់ដូរត្រូវមានច្បាប់អនុញ្ញាតជាមុនសិន៕