(រាជធានីភ្នំពេញ) ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្តែងមរណទុក្ខយ៉ាងក្រៀមក្រំ និងសោកស្តាយជាខ្លាំងជាមួយតារាចម្រៀងជើងចាស់ លោក ហូរ ឡាវី និងក្រុមគ្រួសារ ចំពោះមរណភាពរបស់លោកស្រី ងួន សុផាន្នី ដោយសារជំងឺកូវីដ១៩។
ក្នុងសារលិខិតរំលែកមរណទុក្ខនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់ទុកមរណភាពរបស់លោកស្រី ងួន សុផាន្នី គឺជាការបាត់បង់ភរិយា ម្តាយ និងជីដូនដ៏ល្អ និងជាទីគោរពស្រលាញ់។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបួងសួងសូមឱ្យវិញ្ញាណក្ខន្ធលោកស្រី ងួន សុផាន្នី បានទៅកាន់សុគតិភព។ ជាមួយនឹងការរំលែកទុក្ខនេះ សម្តេចកិត្តិព្រឹទ្ធិបណ្ឌិត បានចូលបច្ច័យបុណ្យសពចំនួន ១០លានរៀល និងទេយ្យទានមួយចំនួនទៀតផងដែរ។
ដោយសារតែកម្ពុជាកំពុងរងនូវការរាតត្បាតខ្លាំងពីជំងឺកូវីដ១៩នោះ នៅក្នុងសាររំលែកមរណទុក្ខនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងដោយអនុវត្តតាមវិធានសុខាភិបាល និងគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរ។ ជាពិសេសរួមគ្នាអនុវត្តវិធាន «៣ការពារ និង៣កុំ»។ ៣ការពារ៖ ពាក់ម៉ាស់ លាងដៃនឹងអាល់កុល ជែល សាប៊ូ រក្សាគម្លាតសុវត្ថិភាព គម្លាតបុគ្គលចាប់ពី១ម៉ែត្រកន្លះ, ៣កុំ៖ កុំបដិសណ្ឋារកិច្ចដោយចាប់ដៃ ឬឱប កុំជួបជុំក្នុងបន្ទប់បិទជិត កុំជួបជុំ និងកន្លែងមានមនុស្សកុះករ៕ ប្រភព ទទក