សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់មន្ត្រីនាំយកសាររំលែកទុក្ខ ព្រមទាំងគ្រឿងបរិភោគ និងបច្ច័យបុណ្យមួយចំនួន ជូនគ្រួសារសពភរិយារបស់លោក ហួរ ឡាវី ដែលបានទទួលមរណភាព ដោយជំងឺកូវីដ-១៩ ...!!
ព័ត៌មានជាតិ
924

នៅថ្ងៃសៅរ៍ ទី ២០ ខែមីនា ឆ្នាំ២០២១នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យមន្ត្រីនាំយកសារលិខិតចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសពលោក ស្រី ងួន សុផាន្នី ត្រូវជាភរិយារបស់លោក ហួរ ឡាវី ដែលបានទទួលមរណភាពដោយជំងឺកូវីដ-១៩ កាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២១ ។

ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តម វេជ្ជ. អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា បានពាំនាំនូវការរំលែកទុក្ខយ៉ាងក្រៀមក្រំពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសូមបួងសួងដល់វិញ្ញាណក្ខន្ធសពបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡេីយ។

ជាមួយគ្នានេះ ឯកឧត្តមវេជ្ជ . បានពាំនាំសារអំពាវនាវរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល ជាពិសេសរួមអនុវត្ត «៣ការពារ និង៣កុំ» ដេីម្បីការពារខ្លួនយេីង គ្រួសារយេីង សង្គមជាតិយេីង និងប្រជាជនយេីង ។ ទន្ទឹមនឹងនេះ សូមប្រជាពលរដ្ឋចូលរួមអនុវត្តវិធានការចត្តាឡីស័កឱ្យបានម៉ឺងម៉ាត់ ដែលជាវិធានការមុតស្រួចដើម្បីទប់ស្កាត់ និងផ្តាច់ចរន្តនៃការឆ្លងជំងឺកូវីដ-១៩ចូលក្នុងសហគមន៍។

សូមបញ្ជាក់ថា ដេីម្បីជួយសម្រាលដល់ជីវភាពរស់នៅ កាកបាទក្រហមកម្ពុជា បានឧបត្ថម្ភដល់គ្រួសារសពនូវ អង្ករ ១០០គីឡូក្រាម, មី ៥កេស, ត្រីខ ៥០កំប៉ុង , ទឹកក្រូច៥កេស និងថវិកាមួយចំនួន៕


Telegram