លោក ម៉ម ប៊ុនហេង៖ ចំនួនអ្នកឆ្លងកូវីដ១៩ នៅថ្ងៃនេះដោយសារបញ្ហាបច្ចេកទេស សូមប្រកាសធ្វើការកែតម្រូវ មិនមែនឆ្លង ៥៨នាក់នោះទេ គឺឆ្លងត្រឹមតែ៤៨នាក់ប៉ុណ្ណោះ
រាជធានីភ្នំពេញ ៖ បេីតាមការ អះអាងពីរដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា លោក ម៉ម ប៊ុនហេង ដោយសារបញ្ហាបច្ចេកទេសស្ទួនលេខ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ ២០២១នេះ សូមប្រកាសធ្វើការកែតម្រូវ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅថ្ងៃនេះមិនមែន៥៨នាក់នោះទេ គឺឆ្លងត្រឹមតែ៤៨នាក់ប៉ុណ្ណោះ។ ចំណែក អ្នកជំងឺជាសះស្បេីយចំនួន ១៥នាក់ ដដែល ។
លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ ដែលក្រសួងប្រកាសនៅព្រឹកនេះ តាមពិតមិនមែនចំនួន៥៨នាក់នោះទេ គឺត្រឹមតែ៤៨នាក់ប៉ុណ្ណោះ ព្រោះតែបញ្ហា Error បច្ចេកទេសបន្តិចទើបមានការភាន់ច្រឡំបែបនេះ»។ ហើយ បន្តិចទៀតនេះ ក្រសួងសុខាភិបាលនឹងចេញសេចក្តីប្រកាសព័ត៌មានថ្មី ដើម្បីកែតម្រូវសេចក្តីប្រកាសព័ត៌មានចាស់ អំពីតួលេខអ្នកឆ្លងជំងឺកូវីដ១៩ ដែលត្រូវបានប្រកាសខុសតួលេខនៅព្រឹកមិញនេះ៕