រាជធានីភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ព្រមទាំងសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យ អាជ្ញាធរមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានលះបង់ពេលវេលា និងបញ្ចេញអស់នូវកម្លាំងកាយចិត្តចូលរួមយ៉ាងសកម្មជាមួយទឹកចិត្តដ៏អង់អាច ដើម្បីសង្គ្រោះជីវិតប្រជាពលរដ្ឋកម្ពុជា និងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលបាននិងកំពុងយាយីដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ និងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច-សង្គមជាតិយើង។
ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមអំពាវនាវដល់បងប្អូនជនរួមជាតិ ចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល ជាពិសេសរួមអនុវត្ត «៣ការពារ និង៣កុំ» ដេីម្បីការពារខ្លួនយេីង គ្រួសារយេីង សង្គមជាតិយេីង និងប្រជាជនយើង។ ទន្ទឹមនឹងនេះ សូមបងប្អូនចូលរួមអនុវត្តវិធានការចត្តាឡីស័កឱ្យបានម៉ឺងម៉ាត់ ដែលជាវិធានការមុតស្រួចដើម្បីទប់ស្កាត់ និងផ្តាច់ចរន្តនៃការឆ្លងជំងឺកូវីដ-១៩ចូលក្នុងសហគមន៍។
៣ការពារ (ពាក់ម៉ាស់, លាងដៃនឹងសាប៊ូ អាល់កុល ឬជែល, រក្សាគម្លាតសុវត្ថិភាពសង្គម និងសុវត្ថិភាពបុគ្គលចាប់ពី ១.៥ម៉ែត្រឡេីងទៅឱ្យបានគ្រប់ៗគ្នា គ្រប់ទីកន្លែង), ៣កុំ (កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក, កុំទៅកន្លែងមានមនុស្សច្រើនកុះករ, កុំចាប់ដៃគ្នា កុំប៉ះពាល់គ្នា កុំកៀកស្មាគ្នា កុំអោបគ្នាជាដេីម)។
សូមជូនពរដល់បងប្អូនជនរួមជាតិ មានសុខភាពល្អ មានសុភមង្គលក្នុងក្រុមគ្រួសារ និងជៀសផុតពីជំងឺកូវីដ-១៩៕