ខេត្តព្រះសីហនុ ៖ យោងតាមផេករដ្ឋបាលខេត្តព្រះសីហនុ បានបង្ហោះនៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ បានបង្ហោះថា រដ្ឋបាលខេត្តព្រះសីហនុ បន្តក្រើនរំលឹកឲ្យបញ្ឈប់រាល់ការយកភាស៊ីការលក់ដូរតាមកញ្ច្រែង កញ្ចើ ល្អី របស់ប្រជាពលរដ្ឋតាមបណ្តាផ្សារនានាទូទាំងខេត្តព្រះសីហនុ ។
សូមបញ្ជាក់ថា ការក្រើនរំលឹកឲ្យបញ្ឈប់រាល់ការយកភាស៊ីការលក់ដូរតាមកញ្ច្រែង កញ្ចើ ល្អី របស់ប្រជាពលរដ្ឋតាមបណ្តា ផ្សារនានាទូទាំងខេត្តព្រះសីហនុ គឺធ្វើឡើង ក្រោយ រដ្ឋបាលខេត្តបានបើកកិច្ចប្រជុំបន្ទាន់ទាក់ទងទៅនឹងករណីសន្តិសុខ មជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុ បានទារថ្លៃភាស៊ីលើសសៀវភៅបន្ទុក និងបំផ្លាញទំនិញរបស់អាជីវករ ដែលបានកើតឡើងកាលពីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ រហូតលោកអភិបាលខេត្ត បានបញ្ជារឲ្យបញ្ឈប់ការងារសន្តិសុខម្នាក់ និងសម្រេចឲ្យមានការមិនយកភាស៊ី ពីស្ត្រីជាអាជីវកររូបនេះ រយៈពេល១ឆ្នាំផងដែរ ។ ដូច្នេះលិខិតក្រើនរំលឹកខាងលើ សូមប្រធានផ្សារផ្សេងៗទៀត ក៏ដូចជាអ្នកទារភាស៊ីផ្សេងៗ មេត្តាជ្រាបនិងអនុវត្តន៍ ៕