ឯកឧត្តម គឹម សន្តិភាព៖ បុគ្គលដែលរារាំងតាមគ្រប់មធ្យោបាយក្នុងចេតនាមិនឱ្យបុគ្គលដទៃទៀតទៅទទួលការចាក់វ៉ាក់សាំងគឺជាអំពើល្មើសច្បាប់
ព័ត៌មានជាតិ
153

រាជធានីភ្នំពេញ៖ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះថា ៖ “ខ្ញុំសូមជម្រាបជូនថា ការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋគឺជាវិធានការមួយនៃវិធានការសុខាភិបាលដែលបានដាក់ចេញដោយអាជ្ញាធរមានសមត្ថកិច្ច។

ដោយមិនទាន់គិតអំពីបទល្មើសព្រហ្មទណ្ឌផ្សេងទៀតបុគ្គលណាដែលបានរារាំងតាមគ្រប់មធ្យោបាយក្នុងចេតនាមិនឱ្យបុគ្គលដទៃ ទៅទទួលការចាក់វ៉ាក់សាំង គឺជាអំពើល្មើសច្បាប់ដែលកំណត់បានជាបទល្មើស "រារាំងដល់ការអនុវត្តវិធានការ" តាមប្បញ្ញត្តិក្នុងមាត្រា១១ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦(ប្រាំមួយ)ខែ ទៅ ៣(បី)ឆ្នាំនិងពិន័យជាប្រាក់ពី២ ០០០ ០០០ (ពីរលាន)រៀល ទៅ ១០ ០០០ ០០០ (ដប់លាន)រៀល”។

ឯកឧត្តមបានបន្ថែមថាបុគ្គលដែលរារាំងអ្នកដទៃទៅទទួលការចាក់វ៉ាក់សាំងដដែលនេះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២(ពីរ)ឆ្នាំ ទៅ ៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី៥ ០០០ ០០០ (ប្រាំលាន)រៀល ទៅ ២០ ០០០ ០០០ (ម្ភៃលាន)រៀលកាលបើអំពើខាងលើនេះបណ្តាលឱ្យមានការចម្លងជំងឺ កូវីដ-១៩ ដល់អ្នកដទៃឬប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។

ក្នុងឱកាសនោះឯកឧត្តមបានអំពាវនាវដោយសូមឱ្យបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពខុសច្បាប់ទាំងនេះបើពុំនោះទេលោកអ្នកនឹងទទួលបានការអនុវត្តច្បាប់ពីអាជ្ញាធរមានសមត្ថកិច្ចជាក់ជាពុំខាន។

ការប្រកាសនេះបន្ទាប់ពីមានបុគ្គលមួយរូបបានប្រឌិតព័ត៌មានរឿងចាក់វ៉ាក់សាំងដោយបំភ័យកម្មករ-កម្មារិនីកុំឱ្យទៅចាក់វ៉ាក់សាំង។


Telegram