អន្តរជាតិ៖ អ្នកចរចាអ៊ុយក្រែនម្នាក់បាននិយាយនៅថ្ងៃព្រហស្បតិ៍ទី ៣ ខែមីនាថា ជុំទី ២ នៃកិច្ចចរចាបទឈប់បាញ់ជាមួយរុស្ស៊ីមិនទទួលបានលទ្ធផលដូចដែលទីក្រុងកៀវ (Kyiv) រំពឹងទុកនោះទេ ប៉ុន្តែភាគីទាំង ២ បានឈានដល់ការយោគយល់គ្នាលើការបង្កើតច្រករបៀងមនុស្សធម៌ដើម្បីជម្លៀសជនស៊ីវិល។ នេះយោងតាមការចេញផ្សាយដោយសារព័ត៌មាន reuters នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២។
ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក Mykhailo Podolyak បានបញ្ជាក់ថា ភាគីទាំងពីរបានគិតគូរអំពីបទឈប់បាញ់បណ្តោះអាសន្នដែលអាចកើតមាន ដើម្បីអនុញ្ញាតឱ្យមានការជម្លៀសជនស៊ីវិល។
លោកបានបន្តថា ការផ្អាកការវាយប្រហារជាបណ្តោះអាសន្ននោះមិនមែននៅគ្រប់ទីកន្លែងទេ ប៉ុន្តែមានតែនៅកន្លែងដែលច្រករបៀងមនុស្សធម៌ក្នុងរយៈពេលនៃការជម្លៀស។
ជាមួយគ្នានេះ បន្ទាប់ពីកិច្ចចរចាភាគីទាំង ២ ក៏បានឈានដល់ការយល់ព្រមលើការចែកចាយថ្នាំ និងអាហារទៅកាន់កន្លែងដែលមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាបំផុតនោះ។
វាជាលើកទីមួយហើយ ដែលភាគីទាំងពីរបានយល់ព្រមលើទម្រង់នៃវឌ្ឍនភាពលើបញ្ហាណាមួយ ចាប់តាំងពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនកាលពីមួយសប្តាហ៍មុន។ យ៉ាងណាមិញ លោក Podolyak បានលើកឡើងថា លទ្ធផលមិនដូចអ្វីដែលទីក្រុងកៀវបានរំពឹងទុកឡើយ។
ទាក់ទងនឹងលទ្ធផលនៃកិច្ចចរចានេះ លោក Podolyak បាននិយាយដោយមិនបានបញ្ជាក់លម្អិតថា៖ «យើងមានការសោកស្ដាយយ៉ាងខ្លាំង យើងមិនបានទទួលលទ្ធផលដូចដែលយើងរំពឹងទុកនោះទេ»។
«រឿងតែមួយគត់ដែលខ្ញុំអាចនិយាយបាននោះគឺថា យើងបានពិភាក្សាអំពីទិដ្ឋភាពមនុស្សធម៌ឱ្យបានលម្អិតគ្រប់គ្រាន់ ពីព្រោះឥឡូវនេះទីក្រុងជាច្រើនត្រូវបានហ៊ុំព័ទ្ធ។ ចំពោះស្ថានភាពបច្ចុប្បន្ន យើងត្រូវការយ៉ាងខ្លាំងជាមួយនឹងថ្នាំ អាហារ និងការជម្លៀសប្រជាជនចេញ»។ នេះបើតាមទីប្រឹក្សារូបនេះបាននិយាយ។
គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ទី ៣ ខែមីនា អង្គការសហប្រជាជាតិបានអះអាងថា ជនភៀសខ្លួនចំនួន ១ លាននាក់បានភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែនក្នុងមួយសប្តាហ៍ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី។ បន្ថែមពីនេះ ស្ថាប័នពិភពលោកមួយនេះបានព្រមានថា ប្រសិនបើជម្លោះមិនបញ្ចប់ភ្លាមៗ នោះមនុស្សរាប់លាននាក់ទៀតទំនងជានឹងភៀសខ្លួន។
ជាងពាក់កណ្តាលនៃអ្នកដែលបានភៀសខ្លួនចេញពីអ៊ុយក្រែនបានឆ្លងចូលទៅក្នុងប្រទេសជិតខាងប៉ូឡូញ។ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) បានបញ្ជាក់ថា មនុស្សជាង ៥០៥ ៥០០ នាក់បានចាកចេញពីអ៊ុយក្រែនទៅកាន់ប្រទេសប៉ូឡូញក្នុងសប្តាហ៍មុន។ ប្រទេសហុងគ្រី ម៉ុលដាវី ហុងគ្រី និងស្លូវ៉ាគី ក៏បានស្វាគមន៍ជនភៀសខ្លួនជាច្រើនផងដែរ៕
ប្រភព៖ reuters