រាជធានីភ្នំពេញ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់នៅយប់ថ្ងៃនេះថា «រាល់វិធានការរដ្ឋបាល ដែលមានចែងក្នុងអនុក្រឹត្យ គឺមិនទាន់អនុវត្តក្នុងក្របខ័ណ្ឌភូមិសាស្ត្រ ឬតំបន់ណាមួយ នៃរាជធានី-ខេត្តណាមួយនៅឡើយទេនាពេលនេះ ពោលគ្មានការដាក់បម្រាមគោចរនៅពេលនេះទេ»។
ឯកឧត្តមអ្នកនាំពាក្យបានពន្យល់ថា រាល់វិធានការរដ្ឋបាលដែលមានចែងក្នុងអនុក្រឹត្យលេខ៥៧ អនក្រ.បក ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ គឺមិនទាន់អនុវត្តក្នុងក្របខ័ណ្ឌភូមិសាស្ត្រ ឬតំបន់ណាមួយនៃរាជធានី-ខេត្តណាមួយនោះនៅឡើយទេនាពេលនេះ ហើយវិធានការរដ្ឋបាលណាមួយនឹងអនុវត្ត លុះណាតែមានសេចក្តីសម្រេចរបស់គណៈអភិបាលរាជធានី-ខេត្ត សម្រាប់ផ្នែកខ្លះ ឬទីកន្លែងខ្លះក្នុងដែនដីនៃរាជធានី-ខេត្ត ឬមានវិសាលភាពអនុវត្តទូទាំងរាជធានី ឬខេត្តរបស់ខ្លួន តែប៉ុណ្ណោះ។
ដោយឡែក ចំពោះវិធានការបិទខ្ទប់រាជធានីឬខេត្ត និងវិធានការរដ្ឋបាលផ្សេងទៀត ដែលមានវិសាលភាពអនុវត្តលើសពីដែនដីនៃរាជធានី ឬខេត្តមួយ ឬមានវិសាលភាពអនុវត្តនៅទូទាំងប្រទេស លុះណាតែមានសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជាតែប៉ុណ្ណោះ។
ឯកឧត្តម បានលើកឡើងដូច្នេះ បន្ទាប់ពីមានការផ្សព្វផ្សាយ ដែលថារាជរដ្ឋាភិបាល បានចេញបំរាមគោចរ ដោយមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋចេញពីផ្ទះ ចាប់ពីម៉ោង៨យប់ រហូតដល់ ម៉ោង៥ភ្លឺ លើកលែងតែករណីចាំបាច់៕ប្រភពAKP