រាជធានីភ្នំពេញ៖ ក្នុងនាមអាជ្ញាធរខណ្ឌមិនចង់រំខានការរកស៊ីរបស់បងប្អូនទេ ប៉ុន្តែដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ កំពុងតែរាតត្បាត ដូចនេះ មានតែស្នើសុំអោយបងប្អូនអ្នកលក់ដូរអាហារ ចូលរួមរយៈពេលខ្លីតែ ២សប្ដាហ៍ប៉ុណ្ណោះ។
អនុវត្តតាមលិខិតលេខ០៦៨/២១ សសរ ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ និងដើម្បីអនុវត្តបទបញ្ជាណែនាំយ៉ាងម៉ឺងម៉ាត់របស់លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ នៅយប់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ បានបែងចែកកម្លាំងតាមគោលដៅ និងល្បាតធ្វើការផ្សព្វផ្សាយខ្លឹមសារសេចក្តីសម្រេចស្តីពីការអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ផ្អាកបណ្តោះអាសន្នការប្រមូលផ្តុំទទួលទានអាហារ ភេសជ្ជៈ គ្រឿងស្រវឹង នៅចន្លោះម៉ោង២០ ដល់ម៉ោង៥ និងផ្អាកបណ្តោះអាសន្ននូវការធ្វើចរាចរណ៍ក្នុងរាជធានី នៅចន្លោះម៉ោង២០ ដល់ម៉ោង៥ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។
រដ្ឋបាលខណ្ឌសែនសុខ សង្ឃឹមថាបងប្អូនម្ចាស់ហាងផ្សេងៗ ដែលប្រកបរបរលក់ដូរមានមនុស្សប្រមូលផ្តុំ ជាពិសេសបងប្អូនដែលគ្មានភារកិច្ចចាំបាច់ក្នុងការធ្វើដំណើរពេលយប់ ចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវខ្លឹមសារណែនាំនៅក្នុងសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមទប់ស្កាត់ និងកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងមូលដ្ឋានខណ្ឌសែនសុខយើង។
សូមបញ្ជាក់ថា: ចាប់ពីយប់នេះ ថ្ងៃទី០២ មេសា ២០២១ វេលាម៉ោង ៨:០០នាទីតទៅ កម្លាំងចម្រុះរបស់រដ្ឋបាលខណ្ឌសែនសុខនឹងចុះអនុវត្តវិធានការរដ្ឋបាលចំពោះទីតាំងអាជីវកម្ម និងអ្នកដំណើរណា ដែលមិនអនុវត្តតាមការណែនាំរបស់រដ្ឋបាលខណ្ឌ កាលពីយប់មិញនេះ ៕ ប្រភពហ្វេសប៊ុក(សែនសុខ ដួងចិត្ត)