បន្ទាយមានជ័យ៖ ជ្រូករស់ចំនួន៣៨ក្បាល ដែលឈ្មួញនាំចូលពីប្រទេសថៃខុសច្បាប់ មានជម្ងឺប៉េស្តជ្រូកអាហ្វ្រិច ត្រូវបានសម្លាប់ដុតកប់ចោល កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ នៅជាយក្រុងសិរីសោភ័ណ។
លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តបន្ទាយមានជ័យ បានប្រាប់ថា៖ ជាការណែនាំពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម និងរុក្ខាប្រម៉ាញ់និងនេសាទ និងដាក់វិធានការឯកឧត្តមអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតសត្វ និងមានការសម្របសម្រួលពីព្រះរាជាអាជ្ញាអមសាលាដំបូងខេត្ត ហើយមន្ត្រីជំនាញចុះស្រាវជ្រាវបានបង្ក្រាបបទល្មើសឈ្មួញលួចនាំជ្រូកដោយខុសច្បាប់ពីប្រទេសថៃចំនួន៣៨ក្បាល កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ក្នុងភូមិសាស្គ្រ ស្រុកអូរជ្រៅ។
លោកបានបញ្ជាក់ថា៖ ក្រោយពេលមន្ត្រីជំនាញឃាត់រថយន្ត២គ្រឿងដែលដឹកជ្រូករស់ចំនួន៣៨ក្បាល ដែលឈ្មួញលួចនាំចូលពីប្រទេសថៃ តាមច្រករបៀងដោយខុសច្បាប់ ហើយឃាត់នាំយកមកការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តបន្ទាយមានជ័យដើម្បីយកជ្រូកដែលសង្ស័យមានជម្ងឺឆ្លងប៉េស្តជ្រូកអាហ្វ្រិចបានយកសំណាក់ទៅវិភាគនៅវិទ្យាស្ថានអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតសត្វបានចេញលទ្ធផលវិជ្ជមានជម្ងឺឆ្លងប៉េស្តជ្រូកអាហ្វ្រិច។
លោក ហ៊ុយ ទូច បានបញ្ជាក់ថា៖ ជាការណែនាំឯកឧត្តមអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតសត្វបានអោយមន្ត្រីជំនាញនាំយកជ្រូករស់ចំនួន៣៨ក្បាល ដែលវិជ្ជមានជម្ងឺឆ្លងប៉េស្តជ្រូកអាហ្វ្រិចត្រូវបានយកទៅសម្លាប់ចោលហើយដុតកំទិចហើយកប់ចោលដើម្បីបង្ការឆ្លងប៉េស្តជ្រូកអាហ្វ្រិចដល់ជ្រូកក្នុងស្រុក ហើយមន្ត្រីជំនាញបានធ្វើកិច្ចសន្យាដល់ម្ចាស់រថយន្តដឹកជ្រូកនាំចូលពីប្រទេសថៃដោយខុសច្បាប់និងរកឃើញជម្ងឺឆ្លងប៉េស្តជ្រូកអាហ្វ្រិច៕ ដោយ៖ចន្ត្រា