អភិបាលរាជធានី ចុះពិនិត្យមើលស្ថានភាពក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញយប់មិញ បន្ទាប់ពីបំរាមគោរចចាប់ផ្ដើមអនុវត្តន៍
ព័ត៌មានជាតិ
135

រាជធានីភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានចុះធ្វើការត្រួតពិនិត្យកាលពីយប់មិញថ្ងៃទី២ខែមេសាឆ្នាំ២០២១នេះ នៅតាមទីតាំងរបស់គណៈបញ្ជាការឯកភាពខណ្ឌនីមួយៗ នៅនៅទូទាំងរាជធានីភ្នំពេញ ដើម្បីធ្វើការនាំណែអោយអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ អនុវត្តអោយមានប្រសិទ្ធភាពនូវបំរាមគោរចរ ដែលបានចាប់ផ្តើមពីថ្ងៃទី០១ខែមេសាឆ្នាំ២០២១ ដោយមានរយៈពេល២សប្តាហ៍ ចាប់ផ្ដើមពីម៉ោង៨យប់រហូតដល់ម៉ោង៥ភ្លឺ។

ការចុះត្រួតពិនិត្យគោលដៅនានានេះ លោកអភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំទៅកម្លាំងសមត្ថកិច្ចចម្រុះចំណុះឲ្យគណៈបញ្ជាការរាជធានីភ្នំពេញ ត្រូវបានពិនិត្យជាក់ស្ដែង បើបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ដែលពីបំពេញការងារនានាក្នុងគោលបំណងទៅផ្ទះវិញ សូមអោយពួកគាត់បង្ហាញ កាតសំគាល់ខ្លួនដែលចេញដោយក្រុម រួចអោយពួកគាត់ទៅចុះ។

ក្រោយពីពិនិត្យនៅទីតាំងខាងលើរួច លោក ឃួង ស្រេង ក៏បានបន្តចុះទៅត្រួតពិនិត្យនៅគោលដៅ នៃខណ្ឌឫស្សីកែវ បន្តទៀត និងបន្តទៅគោលដៅផ្សេងទៀត នៅក្នុងរាជធានីភ្នំពេញ គេសង្កេតឃើញថាមានបងប្អូនប្រជាពលរដ្ឋជាច្រើន បានអនុវត្តទៅតាមបំរាមគោរចរនេះ។

សូមបញ្ជាក់ថា យោងតាមសេចក្តីសម្រេចរបស់ រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលចេញនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ សម្រេច ៖

ប្រការ១ - ត្រូវបានដាក់ចេញនូវវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដែលមានថិរវេលាអនុវត្តរយៈពេល ២ (ពីរ) សប្ដាហ៍ គិតចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ។

ប្រការ២- ត្រូវបានផ្អាកជាបណ្តោះអាសន្ននូវសកម្មភាពអាជីវកម្មចំពោះតូបអាហារ អាហារដ្ឋាន ភោជនីយដ្ឋាន ហាងកាហ្វេ ហាងភេសជ្ជៈ និងភោជនីយដ្ឋាននៅតាមសណ្ឋាគារ ។ល។ ដែលទទួលអតិថិជនចូលមកទទួលទាន អាហារភេសជ្ជៈ ឬទទួលទានគ្រឿងស្រវឹង នៅចន្លោះរម៉ោង ២០ (ម្ភៃ )ដល់ម៉ោង ៥ (ប្រាំ) ជាកំហិត ប៉ុន្តែទីតាំងអាជីវកម្មទាំងនោះអាចលក់ជាលក្ខណៈវេចខ្ចប់បាន។

ប្រការ៣ - ត្រូវបានផ្អាកជាបណ្តោះអាសន្ននូវការប្រមូលផ្តុំ ឬការជួបជុំគ្នាទទួលទានអាហារ ភេសជ្ជៈ ឬទទួល ទានគ្រឿងស្រវឹង នៅចន្លោះម៉ោង ២០ (ម្ភៃ) ដល់ម៉ោង ៥ (ប្រាំ) លើកលែងតែចំពោះករណី ដូចខាងក្រោម៖

- ការជួបជុំក្នុងចំណោមសមាជិកគ្រួសារដែលរស់នៅក្នុងលំនៅឋាន ឬទីសំណាក់ជាមួយគ្នា

- ការរៀបចំពិធីបុណ្យសព ដោយគោរពតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច

- ការជួបជុំរបស់បុគ្គលិកសុខាភិបាល ដើម្បីយកវត្ថុសំណាក់បុគ្គលដែលពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោល ជាមួយអ្នកផ្ទុកជំងឺកូវីដ-១៩ ឬដើម្បីយកអ្នកដែលផ្ទុកជំងឺកូវីដ-១៩ ក៏ដូចជាបុគ្គលិកសុខាភិបាល ដែលបំពេញការងារសង្គ្រោះបន្ទាន់ផ្សេងទៀត

- ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ ក្នុងការបំពេញការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ

- ការជួបជុំមនុស្សដែលមានភាពចាំបាច់ សម្រាប់បម្រើផលប្រយោជន៍សាធារណៈ ឬក្នុងគោលបំណង ផ្សេងទៀតតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច។

ប្រការ៤ - ត្រូវបានផ្អាកជាបណ្តោះអាសន្ននូវការធ្វើចរាចរណ៍ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នៅចន្លោះម៉ោង (ម្ភៃ) ដល់ម៉ោង ៥ (ប្រាំ) លើកលែងតែចំពោះ ករណីដូចខាងក្រោម៖

- ការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់ និងមូលហេតុចាំបាច់ក្នុងគ្រួសារ ដែលមានលិខិត បញ្ជាក់ ឬការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុត

- ការធ្វើដំណើររបស់បុគ្គលិកក្រុមគ្រូពេទ្យទាំងផ្នែករដ្ឋនិងឯកជន មន្ត្រីរាជការ ក្រុមពន្លត់អគ្គិភ័យ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីបំពេញបេសកកម្មជូនស្ថាប័ន-អង្គភាព

- ការធ្វើចរាចរណ៍របស់រថយន្តកុងតឺន័រ រថយន្តដឹកទំនិញ រថយន្តបាញ់បេតុង រថយន្តសម្រាប់បម្រើឱ្យ ការដឹកជញ្ជូនទំនិញ ផ្គត់ផ្គង់ការដ្ឋានសំណង់ រថយន្តដឹកជញ្ជូនសំរាម-សំណល់រឹង និងសំណល់វេជ្ជសាស្ត្រ ការដឹកជញ្ជូនម្ហូបអាហារ របស់បុគ្គលិកបម្រើសេវាដឹកជញ្ជូន

- ការធ្វើដំណើររបស់បុគ្គលិក និងកម្មករ-កម្មការិនី ទៅទីកន្លែងបំពេញការងារនៅក្នុងសហគ្រាស គ្រឹះស្ថាន រោងចក្រ ឬទីតាំងអាជីវកម្ម ដែលអនុញ្ញាតឱ្យបើកដំណើរការជាធម្មតា

- ការធ្វើដំណើរចាំបាច់ផ្សេងៗទៀត ដែលមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។

ប្រការ ៥- បុគ្គល ឬ នីតិបុគ្គលទាំងឡាយណា ដែលមិនអនុវត្តតាមខ្លឹមសារនៃប្រការ២ ប្រការ៣ និងប្រការ៤ ខាងលើ នឹងត្រូវទទួលទោសដូចមានកំណត់ក្នុងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ -១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ។

ប្រការ៦ - បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងសេចក្តីសម្រេចនេ៖ ត្រូវទុកជានិរាករណ៍។ 

ប្រការ៧ - នាយករដ្ឋបាលសាលារាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជ អាវុធហត្ថរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ មន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ត្រូវទទួល បន្ទុកអនុវត្តសេចក្តីសម្រេចលេខ ឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕



Telegram