កីឡា៖ យោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានឲ្យដឹងថា ខ្សែការពារ Yasser Al-Shahrani បានរងរបួសលើផ្ទៃមុខយ៉ាងធ្ងន់ធ្ងរ អំឡុងពេលប្រកួតឈ្នះដោយលទ្ធផល ២-១ ក្នុងពូល C លើក្រុមអាហ្សង់ទីនកាលពីថ្ងៃអង្គារ ក្នុង ព្រឹត្តិការណ៍ World Cup 2022។
ខ្សែការពាររបស់អារ៉ាប៊ីសាអូឌីតរូបនេះ បន្ទាប់ពីធ្វើការថតកាំរស្មីអ៉ិច (x-rays) គេបានរកឃើញថា បានបាក់ឆ្អឹងថ្គាម និងឆ្អឹងមុខធ្ងន់ធ្ងរ ហើយគាត់ត្រូវការវះកាត់ជាបន្ទាន់ ដោយសារមានការហូរឈាមផ្នែកខាងក្នុង បន្ទាប់ពី ប៉ះទង្គិចជាមួយអ្នកចាំទី Mohammed Al-Owais ក្នុងជ័យជម្នះជាប្រវត្តិសាស្ត្ររបស់ប្រទេសខ្លួនលើក្រុមអាហ្សង់ទីន ក្នុងលទ្ធផល ២-១ ។ ប្រភពដដែលអះអាងថា ព្រះអង្គម្ចាស់ Mohammed Bin Salman រជ្ជទាយាទអារ៉ាប៊ីសាអូឌីត បានបញ្ជាថា កីឡាករ Yasser ត្រូវតែដឹកដោយយន្តហោះឯកជន ទៅកាន់ប្រទេសអាល្លឺម៉ង់ ដើម្បីព្យាបាល។
មានការព្រួយបារម្ភភ្លាមៗ ចំពោះសុវត្ថិភាពរបស់ ខ្សែការពារ Yasser Al-Shahrani របស់ក្រុមជម្រើសជាតិអារ៉ាប៊ីសាអូឌីត ដែលអាចទំនងជាត្រូវបញ្ចប់ការលេងរបស់ខ្លួន នៅឯព្រឹត្តិការណ៍ World Cup សម្រាប់ឆ្នាំនេះហើយ ។
បើតាមសហព័ន្ធបាល់ទាត់អារ៉ាប៊ីសាអូឌីតបានប្រាប់ឲ្យដឹងថា កីឡាករ Yasser Al-Shahrani កំពុងធ្វើដំណើរឆ្ពោះទៅកាន់មន្ទីរពេទ្យ National Guard Hospital នៅទីក្រុង Riyadh ហើយនឹងត្រូវទទួលការវះកាត់ តាមផែនការសង្គ្រោះរបស់ក្រុមវេជ្ជបណ្ឌិត» ។
គួរបញ្ជាក់ថា កីឡាករ Yasser បានដួលទៅលើដីអស់រយៈពេលជាច្រើននាទី ខណៈអ្នកចាំទីអារ៉ាប៊ីសាអូឌីត មានការភិតភ័យយ៉ាងខ្លាំងរហូតដល់លុតជង្គង់ បន្ទាប់ពីជង្គង់របស់ខ្លួនបានបុក Yasser ចំផ្ទៃមុខពេញទំហឹង។ ទោះជាយ៉ាងនេះក្តី ការប្រកួតបានបញ្ចប់ដោយជ័យជម្នះជាប្រវត្តិសាស្ត្រ សម្រាប់អារ៉ាប៊ីសាអូឌីត ពេលប៉ះអាហ្សង់ទីន ដោយលទ្ធផល ២ទល់នឹង១ ដែលជាការវាយបកដ៏ជក់ចិត្តបំផុត។
លើសពីនេះ សមាជិកកីឡាករបាល់ទាត់ទាំងអស់របស់ក្រុមជម្រើសជាតិអារ៉ាប៊ីសាអូឌីត ម្នាក់ៗនឹងទទួលបានរថយន្តប្រណិតសេរីថ្មីចុងក្រោយ Rolls Royce Phantom ឆ្នាំ 2022 ដែលក្នុងមួយគ្រឿងមានតម្លៃ ៥.៥សែនដុល្លារសហរដ្ឋអាមេរិក ពីព្រះអង្គម្ចាស់ Mohammed bin Salman នៃព្រះរាជាណាចក្រ អារ៉ាប៊ីសាអូឌីត បន្ទាប់ឈ្នះក្រុមជម្រើសជាតិអាស្សង់ទីន និង ក្លាយជាក្រុមជម្រើសជាតិអាស៊ីដំបូងគេដែលឈ្នះអាហ្សង់ទីន ក្នុងប្រវត្តិសាស្រ្តកីឡាបាល់ទាត់កម្រិតពិភពលោក World Cup៕