រាជធានីភ្នំពេញ ៖ កីឡាការិនីជឺជីតស៊ូ ម្ចាស់មេដាយមាសស៊ីហ្គេម ២០២៣ ខាន់ ចេសា បានលើកឡើង ក្រោយចប់ការប្រកួតថា «ខ្ញុំមានអារម្មណ៍ក្តុកក្តួល ព្រោះខ្ញុំបានបរាជ័យកាលពីការប្រកួតមុន ប៉ុន្តែអ្នកគាំទ្រនៅតែបន្តលើកទឹកចិត្ត និងគាំទ្រខ្ញុំ រហូតខ្ញុំទទួលបានជោគជ័យនៅពេលនេះ»។
នេះជាការការបង្ហាញផ្ទាល់ខ្លួន នៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ នៅក្រោយបញ្ចប់ការប្រកួត និងទទួលមេដាយ ដោយលើកឡើងបន្ថែមថា «ខ្ញុំពិតជាអរគុណខ្លាំងណាស់ដល់អ្នកគាំទ្រកម្ពុជា និងអ្នកគាំទ្រផ្សេងទៀត ខ្ញុំពិតជាពេញ ចិត្តខ្លាំងណាស់។ ខ្ញុំមានអារម្មណ៍សប្បាយរីករាយណាស់ សម្រាប់ការប្រកួតនេះ ដោយខ្ញុំធ្វើវា បានយ៉ាងល្អ ហើយខ្ញុំប្រកួតយ៉ាងអស់ពីសមត្ថភាព។ នៅថ្ងៃនេះ លោកយាយរបស់ខ្ញុំ ក៏បានមកទស្សនាដែរ ហើយគាត់ពិតជាមានមោទកភាព និងសប្បាយចិត្តជាមួយនឹងជ័យ ជម្នះមួយនេះរបស់ខ្ញុំ។
បន្ថែមពីលើនេះ ម្ចាស់មេដាមាសស៊ីហ្គេម ២០២៣ ក្នុងនាមជាម្ចាស់ផ្ទះស៊ីហ្គេម ជាលើកដំបូងរបស់កម្ពុជាបានគូសបញ្ជាក់ទៀតថា នាងនឹងវិលត្រឡប់ទៅ សហរដ្ឋអាមេរិកវិញនៅប៉ុន្មានថ្ងៃខាងមុខនេះ និងបន្តការហ្វឹកហាត់បន្ថែមទៀត។ ខាន់ ចេសា នឹងវិលមកវិញ ដើម្បីចូលរួមប្រកួតប្រជែងមេដាយជូនជាតិជាថ្មីម្តងទៀត ក្នុងការ ប្រកួតកីឡាអាស៊ី (ASIAN Games) នៅប្រទេសចិន នាចុងឆ្នាំ២០២៣ខាងមុខ។
«ខ្ញុំចង់និយាយពាក្យថា អរគុណដល់ប្រជាជនកម្ពុជា ដែលបានគាំទ្រនាងខ្ញុំរហូតមក ហើយគោលដៅរបស់ខ្ញុំនៅថ្ងៃនេះ គឺខ្ញុំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ហើយទីបំផុតខ្ញុំអាច សម្រេចគោលដៅរបស់ខ្ញុំបាន។ ខ្ញុំយល់ថាការរៀបចំកីឡាស៊ីហ្គេមនេះមានភាពល្អ ប្រសើរខ្លាំងណាស់ ក្នុងការរៀបចំ និងការប្រព្រឹត្តទៅពិតជាបានល្អ ដែលជាកម្ម វិធីមួយដ៏អស្ចារ្យ ហើយអ្វីដែលខ្ញុំរឹតតែសប្បាយចិត្ត និងពេញចិត្តខ្លាំងនោះ គឺខ្ញុំបានយក មេដាយមាសជូនជាតិ»។ នេះជាការបង្ហាញពីទឹកចិត្តបន្ថែមរបស់ ខាន់ ចេសា។
នៅក្នុងពិធីបំពាក់មេដាយលើប្រភេទកីឡាជឺជីតស៊ូ ទទួលបានការលើកទឹកចិត្ត ដ៏ខ្ពង់ខ្ពស់ពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC។
នៅក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២នេះ កីឡាការិនី ខាន់ ចេសា ដែលលេងលើ ២វិញ្ញាសា គឺដណ្តើមបានមេដាយមាស១គ្រឿង និងមេដាយប្រាក់១គ្រឿង ដោយមេដាយ មាសឈ្នះលើវិញ្ញាសានារីប្រយុទ្ធ Women’s Ne-Waza No-OGI -52Kg ទម្ងន់ក្រោម ៥២គីឡូក្រាម ក្រោយផ្ដួលកីឡាការិនីហ្វីលីពីនឱ្យបោះបង់ការ ប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រ។ ចំពោះមេដាយប្រាក់បានឈ្នះលើវិញ្ញាសា Ne-Waza ទម្ងន់ ៥២គីឡូ ក្រោយចាញ់ កីឡានីហ្វីលីពីន នៅវគ្គផ្តាច់ព្រ័ត្រ។
គួរបញ្ជាក់ថា កីឡាការិនីកូនខ្មែរ-អាម៉េរិក ខាន់ ចេសា ធ្លាប់ដណ្តើមបាន មេដាយមាសជូនជាតិជាច្រើនជាបន្ទាប់ គឺម្ចាស់មេដាយមាស កីឡាអាស៊ី ឆ្នាំ២០១៨ នៅឥណ្ឌូណេស៊ី និងជាម្ចាស់មេដាយមាស ស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន កាលពីឆ្នាំ២០១៩ ខណៈស៊ីហ្គេមលើកទី៣១ នៅវៀតណាម ឆ្នាំ២០២២ ចេសា បានខកខានចូលរួមប្រកួត ដោយសារលើសទម្ងន់៕








