អបអរសាទរ! កម្ពុជាដណ្ដើមមេដាយមាសស៊ីហ្គេមដំបូង ដោយកីឡាករឃីកបុកស៊ីង ទូច រ៉ាឆាន់ ក្រោយយកឈ្នះកីឡាករថៃ ក្នុងវគ្គផ្ដាច់ព្រ័ត្រ (មានវីដេអូ)

ស៊ីហ្គេម៖ យោងតាម ក្រសួងព័ត៌មាន បានឲ្យដឹងនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ នេះថាកីឡាឃីក បុកស៊ីង បានក្លាយ ជាកីឡា នាំមេដាយមាស ជូនកម្ពុជាមុនគេ ក្នុងព្រឹត្តិការណ៍ កីឡាស៊ីហ្គេម លើកទី ៣១ នៅ ប្រទេស វៀតណាមនៅថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២២នេះ ។

មេដាយមាសទី១ រកបានដោយអ្នកប្រដាល់ ទូច រ៉ាឆាន់ បន្ទាប់ពីយកឈ្នះកីឡាករថៃ Arunno Sivapan វគ្គផ្តាច់ព្រ័ត្រទម្ងន់៥៧គីឡូក្រាម។ ចំណែកកីឡាករ កាន់ ម៉េងហុង បានត្រឹមមេដាយប្រាក់ បន្ទាប់ពីចាញ់កីឡាករថៃ Sungnoi Chaiwat វគ្គផ្តាច់ព្រ័ត្រទម្ងន់ ៥៤គីឡូក្រាម និងកីឡាករ លន បញ្ញា បានរងបរាជ័យក្រោមថ្វីជើងកីឡាករម្ចាស់ផ្ទះវៀតណាម Nguyen The Huong ដោយពិន្ទុ ក្នុងវិញ្ញាសាទម្ងន់ ៦៧គីឡូក្រាម។

យ៉ាងណាមិញ ប្រភេទទម្ងន់ ៧១គីឡូក្រាមវិញ គឺកីឡាករ ឈឿង ល្វៃ បានចាញ់កីឡាករថៃ Thapphili Thongchai ដោយពិន្ទុ ។

គិតត្រឹមថ្ងៃទី១៣ខែឧសភានេះ កម្ពុជា ឈ្នះមេដាយសរុប ៨គ្រឿងហើយ ក្នុងនោះមាស ១គ្រឿង ប្រាក់ ៣គ្រឿង និងសំរឹទ្ធ ៤គ្រឿង ដែលមេដាយមាស លើប្រភេទកីឡាឃីកបុកស៊ីង មេដាយប្រាក់ ២លើ កីឡាឃីកបុកស៊ីងដូចគ្នា និងមេដាយសំរឹទ្ធ៤ លើកីឡាឃីកបុកស៊ីង១ កីឡាប្រណាំងទូក១ និងកីឡាប៉េតង់២។

សូមបញ្ជាក់ កីឡាឃីកបុកស៊ីង គឺជា ទម្រង់ ប្រដាល់ ដែល ផ្អែកលើ ការ ទាត់ និង កណ្តាប់ដៃ។ ដែល ត្រូវ បាន អនុវត្ត សម្រាប់ ការ ការពារ ខ្លួន កាយសម្បទា ឬ សម្រាប់ ការ ប្រកួត ប្រជែង។ ឃីកបុកស៊ីង បានក្លាយជាកីឡាស៊ីហ្គេមជាលើកដំបូងនៅក្នុងស៊ីហ្គេមក្នុងឆ្នាំ ២០១៩ ដែលប្រទេសហ្វីលីពីនធ្វើជាម្ចាស់ផ្ទះ៕




Telegram