AKP ភ្នំពេញ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ -- កម្ពុជាកំពុងត្រៀមលក្ខណៈបញ្ជូនអត្តពលិកចូលរួមប្រកួតប្រជែងមេដាយ ក្នុងការប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៩ នៅទីក្រុង Hangzhou សាធារណរដ្ឋប្រជាមានិតចិន ដែលប្រារព្ធពិធីចាប់ពីថ្ងៃទី២៦ ខែកញ្ញា ដល់រហូតដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) មានប្រសាសន៍ថា យើងកំពុងរៀបចំផែនការជាមួយក្រសួងអប់រំ យុវជន និងកីឡា ជាពិសេសមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ដោយជំរុញឱ្យសហព័ន្ធកីឡាជាតិមួយចំនួន ដែលត្រៀមកីឡាអាស៊ី ត្រូវហ្វឹកហាត់ក្នុងស្រុកឡើងវិញបណ្តើរៗហើយ ក្រោយបញ្ចប់ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
ឯកឧត្ដមបានបញ្ជាក់ថា សម្រាប់ការហ្វឹកហាត់របស់ក្រុមជម្រើសជាតិកម្ពុជា នៅប្រទេសចិន គឺយើងនៅសល់ជំនួយឥតសំណងរបស់មិត្តចិន តាំងពីការហ្វឹកហាត់ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ ពោលគឺនៅសល់ជំនួយការហ្វឹកហាត់របស់ចិន ១២០ថ្ងៃទៀតសម្រាប់កម្ពុជា។ ឯកឧត្ដមបានបន្ដថា ក្រោយបញ្ចប់ការបោះឆ្នោតសកល ក្នុងខែកក្កដានេះ គឺនៅខែសីហាខាងមុខ ក្រុមជម្រើសជាតិកម្ពុជាចំនួន១២ប្រភេទកីឡាដែលមានអត្តពលិក ១៦០នាក់ នឹងត្រូវចេញទៅហ្វឹកហាត់ត្រៀមនៅប្រទេសចិន ហើយបន្តការចូលរួមប្រកួតកីឡាអាស៊ី នៅប្រទេសចិនតែម្តង ខណៈអត្តពលិកមួយចំនួនទៀតជិតដល់ថ្ងៃប្រកួតនឹងត្រូវចេញទៅប្រកួតពីកម្ពុជា ដែលមានចំនួនប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី សរុបចន្លោះពី១៥០នាក់ទៅ ២៥០នាក់។ ចំពោះការចូលរួមប្រកួតកីឡាអាស៊ី គឺនឹងជ្រើសរើសតែអត្តពលិកលើប្រភេទកីឡាណាដែលមានសក្តានុពល ក្នុងកម្រិតមេដាយល្អជាងគេ ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា តែប៉ុណ្ណោះ។
ឯកឧត្ដមអគ្គលេខាធិការបានបន្ថែមថា ការជ្រើសរើសសម្រិតសម្រាំងតែកម្រិតមេដាយខ្ពស់ៗរបស់កម្ពុជា សម្រាប់ការប្រកួតកីឡាអាស៊ី លើកទី១៩ នៅប្រទេសចិននេះ គឺដើម្បីសន្សំសំចៃផង និងដើម្បីឱ្យការចូលរួមប្រកួតកម្រិតអាស៊ី ដែលមាន៤៥ប្រទេសនេះឱ្យមានប្រសិទ្ធភាព ព្រមទាំងថែរក្សាកិត្តិយសជាតិរបស់យើងផង។ ដូច្នេះការត្រៀមលក្ខណៈរបស់កម្ពុជា ក្នុងកីឡាអាស៊ី ឆ្នាំ២០២៣ នៅប្រទេសចិន គឺកម្ពុជាកំពុងរៀបចំផែនការ ក្រោមការចង្អុលបង្ហាញពីឯកឧត្តបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយឱ្យពិនិត្យមើលលើលក្ខណៈបច្ចេកទេស និងសិទ្ធផលហ្វឹកហាត់របស់កីឡាករ កីឡាការិនីជាធំ។ ឯកឧត្ដមបានបញ្ជាក់ទៀតថា គោលការណ៍ជាច្រើនដែលបានចង្អុលបង្ហាញរបស់ឯកឧត្តមបណ្ឌិត ថោង ខុន សម្រាប់កីឡាអាស៊ីនេះ គឺដើម្បីឱ្យកម្ពុជាទទួលបានលទ្ធផលល្អ លើសពីសមិទ្ធផល ដែលធ្លាប់ដណ្តើមបានមេដាយមាសនៅក្នុងការប្រកួតកីឡាអាស៊ី លើកទី១៨ នៅប្រទេសឥណ្ឌូណេស៊ី កាលពីឆ្នាំ២០១៨កន្លងទៅ។
គួរបញ្ជាក់ថា ១២ប្រភេទកីឡារបស់កម្ពុជា ដែលមានកីឡាករ កីឡាការិនី ១៦០នាក់សម្រាប់ការបន្តហ្វឹកហាត់នៅប្រទេសចិន ចាប់ពីខែសីហា ឆ្នាំ២០២៣ តទៅនេះមិនមែនសំដៅដល់ការត្រៀមចូលរួមប្រកួតកីឡាអាស៊ីទាំងអស់នោះទេ ដោយជ្រើសរើសតែកីឡាករ កីឡាការិនីដែលមានសិទ្ធផលខ្ពស់ៗជាក់ស្តែងប៉ុណ្ណោះ។
ក្នុងការប្រកួតកីឡាអាស៊ី ២លើកចុងក្រោយនេះ គឺកម្ពុជាបានចូលរួមប្រកួត កីឡាអាស៊ី លើកទី១៧ ឆ្នាំ២០១៤ នៅសាធារណរដ្ឋកូរ៉េ ដោយកម្ពុជាដណ្ដើមមេដាយមាស ១គ្រឿង លើកដំបូង ដោយកីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី។ ការប្រកួតកីឡាអាស៊ី លើកទី១៨ ឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូណេស៊ី កម្ពុជាបានបំបែកកំណត់ត្រាថ្មី ដោយឈ្នះមេដាយមាស ២គ្រឿង និងសំរឹទ្ធ១គ្រឿង ដោយមេដាយ៣គ្រឿងនេះ ដណ្តើមបានដោយកីឡាការិនីជឺជិតស៊ូ កូនកាត់ខ្មែរ-អាម៉េរិកដ៏ឆ្នើម ខាន់ ចេសា មេដាយមាស ១ និងកីឡាករម៉ូតូទឹក សាលី អ៊ូមើត មេដាយមាស ១ និងសំរឹទ្ធ១៕
ដោយ៖ ហេង ណាលីន