រាជធានីភ្នំពេញ ៖ មនុស្សប្រុសស្រី២នាក់ ជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿន បុកខឿនស្ពានស្ពាន៧មករា ស្លាប់ស្ត្រីម្នាក់ភ្លាមៗយ៉ាងរន្ធត់ ចំណែកបុរសម្នាក់ទៀត របួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកកណ្តាលស្ទឹង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧និង១០នាទី ថ្ងៃទី២៨ ខែមិថុនាឆ្នាំ២០២៤ លើស្ពាន៧មករា លើផ្លូវជាតិលេខ៣ ស្ថិតនៅក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា ករណីនេះ ភាគីម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ គ្មានផ្លាកលេខ អ្នកបើកបរពុំស្គាល់អត្តសញ្ញាណ ភេទប្រុស ជនជាតិបរទេស រងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកកណ្តាលស្ទឹង (មិនពាក់មួកសុវត្ថិភាព) អ្នករួមដំណើរដោយឈ្មោះ យ៉ាន ស្រីលីន ភេទស្រី អាយុ២៨ ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិក្រឡែងលិច ឃុំល្វាលើ ស្រុកចំការលើ ខេត្តកំពង់ចាម ស្លាប់នៅកន្លែងកើតហេតុ (មិនពាក់មួកសុវត្តិភាពដូចគ្នា) ។
ដោយមុនពេលកើតហេតុ ម៉ូតូខាងលើ បើកបរ ពីជើងទៅត្បូង ពេលមកដល់ចំណុចកើតហេតុម៉ូតូបានបុកខឿនស្ពានពេញមួយទំហឹង តែម្តង មកពីការបើកបរខ្វះការប្រុងប្រយ័ត្ន ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍បានចុះមកធ្វើការពិនិត្យវាស់ យកម៉ូតូទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំស្រាវជ្រាវបន្ត និងប្រគល់ទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ អែលវិចិត្រ