កំពុងជិះម៉ូតូលឿនផង បុកសត្វឆ្កែរត់ឆ្លងផ្លូវ ដួលអូសបោកស្លាប់យ៉ាងរន្ធត់
សន្តិសុខសង្គម
71

ខេត្តកណ្តាល ៖ បុរសម្នាក់ កំពុងជិះម៉ូតូលឿនផង ស្រាប់តែមានសត្វឆ្កែឆ្លងផ្លូវ ក៏បុកពេញទំហឹង ដួលអូសបោកស្លាប់យ៉ាងរន្ធត់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩និង ២០នាទីយប់ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០២៥ លើកំណាត់ផ្លូវជាតិលេខ ១១០ ក្នុងភូមិព្រែករ័ត្ន ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្ដាល ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ មានប្រជាពលរដ្ឋបានឃើញម៉ូតូមួយគ្រឿង ម៉ាកហុងដា CPX C125 ពណ៌ ស ខ្មៅ គ្មានពាក់ផ្លាកលេខ គ្មានកញ្ចក់មើលក្រោយ បើកបរដោយឈ្មោះ ម៉ាច បូរ៉ា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិព្រែកស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល មុខរបរកសិករ អត់ពាក់មួកសុវត្ថិភាព បើកបរមានទិសដៅពីត្បូង ទៅជើង (ព្រែកជ្រៃ.ច្បារអំពៅ) មកដល់ចំណុចកើតហេតុ បានបុកជាមួយសត្វឆ្កែឆ្លងផ្លូវ បណ្ដាលឲ្យអ្នកបើកម៉ូតូស្លាប់ភ្លាមៗយ៉ាងរន្ធត់តែម្តង ។

បន្ទាប់ពីកើតហេតុ កម្លាំងប៉ុស្ដិ៍បានចុះដល់កន្លែងកើតហេតុ បានបាញ់ថ្នាំសម្គាល់ និងបានរាយការណ៍ផ្នែកជំនាញដើម្បីបន្តនីតិវិធី និងបានសន្និដ្ឋានថា ករណីនេះបង្កដោយ ជនរងគ្រោះ អ្នកបើកបរម៉ូតូ មានល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន បានបុកសត្វឆ្កែឆ្លង ដួលអូសបោកនឹងថ្នល់រងគ្រោះថ្នាក់តែម្ដង។ ចំពោះសាកសពជនរងគ្រោះនិងមធ្យោបាយខាងលើ សមត្ថកិច្ចបានប្រគល់ជូនទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ នុច


Telegram