លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបញ្ចុះខណ្ឌសីមាព្រះវិហារនិងសម្ពោធឆ្លងសមិទ្ធនានា នៅវត្តព្រឹក្សា ស្ថិតនៅឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ។
ពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធនានា នៅវត្តព្រឹក្សានេះ មានការនិមន្ត និងអញ្ជើញចូលរួមដោយ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា , ឯកឧត្តម ជា វណ្ណដេត រដ្ឋមន្រ្តីក្រសួងប្រៃសនីយ៍និងទូរគមនាគមន៍, គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និមន្តដឹកនាំដោយ សម្តចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក ព្រះចតុម្មុខមង្គលរង្សី ព្រះមេគណរាជធានីភ្នំពេញ ,សម្តេចសង្ឃ, ព្រះថេរានុថេរៈគ្រប់ព្រះអង្គ, ឯកឧត្តម វុី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ ព្រមទាំងឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំ និងប្រជាពុទ្ធបរិស័ទយ៉ាងច្រើនកុះករ ។
ឯកឧត្តម វុី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានជម្រាបរបាយការណ៍ជូន លោកជំទាវបណ្ឌិត និងអង្គពិធីទាំងមូលថា សមិទ្ធផលដែលត្រូវសម្ពោធឆ្លងនាឱកាសនេះរួមមាន ព្រះវិហារ កុដិ ស្រះទឹក ផ្លូវបេតុងជុំវិញបរិវេណវត្ត ដែលសមិទ្ធផលទាំងនេះមិនមែនកើតដោយចៃដន្យនោះទេ ពោលគឺកើតចេញពីសន្តិភាព បើគ្មានសន្តិភាពទេគឺមិនមានអ្វីគ្រប់យ៉ាងដូចសព្វថ្ងៃនេះទេ ។ ដោយឡែកសម្រាប់សមិទ្ធផលនានានៅក្នុងបរិវេណវត្តព្រឹក្សានេះ គឺជាការផ្តួចផ្តើមរបស់ សម្តចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន និងការចូលរួមសាមគ្គីដោយសទ្ធាជ្រះថ្លារបស់ ប្រជាពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេស ។
នាឱកាសដ៏វិសេសវិសាលនេះ លោកជំទាវបណ្ឌិត បានពាំនាំនូវការនឹករលឹកនិងសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។ លោកជំទាវបណ្ឌិត បានគូសបញ្ជាក់ថា ព្រះពុទ្ធសាសនាត្រូវបានបំផ្លាញទាំងស្រុងនារបបដ៏ខ្មៅងងឹត ប៉ុលពត ប៉ុន្តែនៅក្រោយថ្ងៃរំដោះ៧ មករា ១៩៧៩ កម្ពុជាបានទទួលសេរីភាពលើកវិញ និងមានបោះជំហានប្រែក្លាយពីប្រទេសដែលខ្ទេចខ្ទាំដោយសង្រ្គាម រហូតមានការអភិវឌ្ឍន៍លើកគ្រប់វិស័យ ក្រោមការយកចិត្តទុកដាក់របស់ប្រមុខរដ្ឋាភិបាល ដែលដឹកនាំដោយបិតាស្ថាបនិកនយោបាយ ឈ្នះ-ឈ្នះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បាននាំយកនូវសន្តិភាពជូនប្រទេសកម្ពុជា និងបានបន្តដឹកនាំដ៏គតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងយកចិត្តទុកដាក់លើព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ។ ដោយបច្ចុប្បន្នព្រះពុទ្ធសាសនាត្រូវបានចូលទៅក្នុងកម្មវិធីសិក្សាដល់សិស្ស និស្សិត ដើម្បីបញ្រ្ចាបការយល់ដឹងដល់យុវជន យល់ដឹងឲ្យកាន់តែច្បាស់នូវវិភាគទានស្មារតី បណ្តុះនូវ គុណធម៌ សីលធម៌ សុជីវធម៌ ដើម្បីក្លាយជាធនធានបញ្ញាវ័នមួយប្រកបដោយគុណភាព ។
ឆ្លៀតក្នុងឱកាសនេះ លោកជំទាវបណ្ឌិត សូមស្នើរ ដល់ក្រសួងធម្មការនិងសាសនា សហការជាមួយគណៈសង្ឃនាយក ធ្វើការបកប្រែគម្ពីរព្រះត្រៃបិដក ពីភាសាបាលី មកភាសាជាតិ និងពិចារណាដាក់បញ្ចូលក្នុងកម្មវិធីសិក្សាដល់សិស្ស និស្សិត និងសូបកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះក្រសួងធម្មការនិងសាសនា ក្នុងអាណត្តិទី៧នេះ ដែលបានដើរតួនាទីយ៉ាងសកម្ម ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា។
នាឱកាសដ៏មហានក្ខត្តឫក្សនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បាននាំយកនូវទេយ្យទាននិងប្រគេនបច្ច័យដល់សម្តេចសង្ឃ ព្រះថេរ៉ានុថេរៈគ្រប់ព្រះអង្គ និងជូនថវិកាដល់ តាជី យាយ៕