ក្រសួងព័ត៌មានរៀបចំស្តង់ដាប្រតិបត្តិវិជ្ជាជីវៈសារព័ត៌មានមួយដើម្បីធានាលំហនិងសន្តិសុខព័ត៌មាននៅកម្ពុជា
ព័ត៌មានជាតិ
119

ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានប្រាប់ក្រុមការងារផ្សព្វផ្សាយតាមប្រព័ន្ធអ៉ិនធើណេតក្រសួងព័ត៌មាននៅថ្ងៃទី២១កក្កដានេះថា ក្រសួងព័ត៌មានបាននឹងកំពុងធ្វើធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានមួយ ដើម្បីអនុញ្ញាតអោយអ្នកសារព័ត៌មាននិងអ្នកពាក់ព័ន្ធក្នុងវិស័យនេះមានស្តង់ដារួមមួយប្រតិបត្តិ។

ឯកឧត្តម ទេព អស្នារិទ្ធបានបង្ហាញអំពីតម្រូវការអោយមានធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះនៅកម្ពុជាថា នៅកម្ពុជា ភាពស្រពិចស្រពិល និងកង្វះភាពសុខុដុមនីយកម្មក្នុងការកំណត់ក្រមសីលធម៌វិជ្ជាជីវៈរួមមួយសម្រាប់អ្នកសារព័ត៌មានបានកើតមានឡើង មូលហេតុដោយសារគេបានកត់សម្គាល់ឃើញមានគំនិត និងការប្រកាន់យកជំហរផ្សេងៗតែរៀងៗខ្លួន ពីអង្គភាពសារព័ត៌មានមួយទៅអង្គភាពសារព័ត៌មានមួយ និងពីសមាគមមួយទៅសមាគមមួយទៀត។ ការណ៍នេះទាមទារឱ្យប្រទេសកម្ពុជាចាំបាច់រៀបចំឡើងនូវគោលការណ៍រួមស្តីពីក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន សម្រាប់តួអង្គពាក់ព័ន្ធទាំងអស់យកទៅអនុវត្ត ដើម្បីលើកកម្ពស់ការយល់ដឹងនិងការអនុវត្តក្រមសីលធម៌រួម សំដៅលើកស្ទួយគុណតម្លៃគោលការណ៍គ្រឹះនៃវិជ្ជាជីវៈសារព័ត៌មាន និងធានាសណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មាននៅកម្ពុជា។

ភាពចាំបាច់នេះទៀតសោត បានកើតឡើងស្របពេលដែលសង្គមកម្ពុជា និងពិភពលោកកំពុងប្រឈមនឹងការវិវត្តឥតឈប់ឈរនៃបច្ចេកវិទ្យាទំនើប ដែលរាជរដ្ឋាភិបាល ក្រសួងព័ត៌មាន និងភាគីពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ ដើម្បីធានាលំហនិងសន្តិសុខព័ត៌មានឱ្យមានប្រសិទ្ធភាពស្របតាមសម័យកាល។

អ្នកនាំពាក្យក្រសួងព័ត៌មានបានបង្ហាញអំពីគុណប្រយោជន៍របស់ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះថា មានសារៈសំខាន់ក្នុងការធានាភាពត្រឹមត្រូវ ភាពស្របច្បាប់ ភាពសុចរិតក្នុងសង្គម តាមរយៈការគោរព និងអនុវត្តនូវគោលការប្រតិបត្តិស្តង់ដារួម ក្នុងការអនុវត្តការងារប្រចាំថ្ងៃរបស់ប្រតិបត្តិករក្នុងវិស័យព័ត៌មាន ខណៈត្រូវទទួលស្គាល់ពីទិដ្ឋភាព និងការវិវត្តឥតឈប់ឈរនាពេលបច្ចុប្បន្ន។

អ្នកនាំពាក្យក្រសួងព័ត៌មានបន្តទៀតថា ការរៀបចំធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះបានអនុវត្តដំណើរការដោយបរិយាបន្ននិងបើកទូលាយ តាមរយៈការចូលរួម ការផ្តល់ធាតុចូលក៏ដូចជាសំណូមពរនានា ពីសំណាក់អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន សមាគមសារព័ត៌មានទាំងអស់ អ្នកអនុវត្តការងារក្នុងវិស័យព័ត៌មាន និងភាគីពាក់ព័ន្ធនៅក្នុងប្រទេសកម្ពុជា។

ខណៈធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះ ស្ថិតក្នុងជំហានសេចកី្តព្រាងនៅឡើយអ្នកនាំពាក្យក្រសួងព័ត៌មានបានបញ្ជាក់អំពីបរិយាកាសសេរីភាពសារព័ត៌មាននៅកម្ពុជាថា ក្រោយពេលត្រូវបានរៀបចំឡើងហើយ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះ នឹង ក្លាយទៅជាស្តង់ដាប្រតិបត្តិក្រមសីលធម៌វិជ្ជាជីវៈរបស់ជាតិ សម្រាប់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់គោរព និងប្រតិបត្តិតាម សំដៅបន្តរួមចំណែកអភិវឌ្ឍឱ្យកាន់តែប្រសើរឡើងទៀត នូវប្រព័ន្ធប្រជាធិបតេយ្យនៅកម្ពុជា តាមរយៈការបន្តផ្តល់បរិយាកាសអំណោយផលសម្រាប់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនិងទំនួលខុសត្រូវវិជ្ជាជីវៈ នូវសេរីភាពសារព័ត៌មាន និងសេរីភាពបញ្ចេញមតិនៅកម្ពុជា។

សូមបញ្ជាក់ថា នៅ ទី២៤ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ ក្រសួងព័ត៌មាននឹងសម្របសម្រួលរៀបចំសិក្ខាសាលាមួយដែលផ្តល់ឱកាសដល់តួអង្គនិងភាគីពាក់ព័ន្ធទាំងអស់ចូលរួមទទួលបច្ចុប្បន្នភាពស្តីពីដំណើរការរៀបចំសេចក្តីព្រាងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន,ចូលរួមបន្ត ពិនិត្យ និង ពិភាក្សាផ្លាស់ប្តូរយោបល់លើសេចក្តីព្រាងនេះ ដើម្បីទទួលបានធាតុចូលបន្ថែម សំដៅធានាសុក្រឹតភាពនិងសង្គតិភាព៕



Telegram