កងកម្លាំងចម្រុះ បានបន្តធ្វើសកម្មភាពរុករកដោយស្វាហាប់ទាំងថ្មើរជើង និងពីលើដែនអាកាស ក្នុងនោះមានកម្លាំងមួយចំនួនបានសម្រួតខ្សែចុះពីឧទ្ធម្ភាគចក្រ នៅតាមចំណុចដែលមានការសង្ស័យ ប្រតិបត្តិការស្វែងរកដោយប្រើវិធីបែងចែកកម្លាំងមួយចំនួនសម្រួតខ្សែចុះពីឧទ្ធម្ភាគចក្រ នេះ បានធ្វើឡើងនៅតំបន់ព្រៃក្រាស់ ។
។នេះបើតាមឯកឧត្តមនាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់បប្រាប់បណ្តាញព័ត៍មានកាលពីថ្ងៃច័ន្ទទី២២ ខែកក្កដា ហើយផេកហ្វេសប៊ុកផ្លូវការរបស់ក្រសួងព័ត៍មានបានស្រង់យកមកបង្ហោះនៅថ្ងៃទី២៣កក្កដាឆ្នាំ២០២៤នេះ។
អ្នកនាំពាក្រក្រសួងការពារជាតិថាស្ថានភាពអំណោយផលនេះសង្ឃឹមថា នឹងធ្វើអោយយើងទទួលបានដំណឹង អំពីឧទ្ធម្ភាគចក្រក្នុងពេលដ៏ខ្លីខាងមុខនេះ។
សូមរំលឹកថា កាលពីថ្ងៃទី ១២កក្កដាឧទ្ធម្ភាគចក្រមួយគ្រឿងនិងអ្នកបើកបរពីរនាក់ដែលកំពុងហោះហើរក្នុងភារកិច្ចវឹកហ្វឺនបានបាត់ការទាក់ទង នៅម្តុំជួរភ្នំក្រវ៉ាញ។
មួយថ្ងៃក្រោយមក បេសកកម្មស្វែងរុករកបានចាប់ផ្តើម ប៉ុន្តែសកម្មភាពរុករកបានប្រើពេលវេលាអស់រយៈពេល ១០ថ្ងៃមកដល់ថ្ងៃទី២៣កក្កដានេះ ប៉ុន្តែមិនទាន់ឃើញមានតំរុយទិសដៅណាមួយដែលអាចនាំឆ្ពោះទៅរក ឃើញនៅឡើយទេ។
ប្រតិបត្តិការរុករកនេះ បានប្រើប្រាស់កម្លាំងថ្មើរជើងដោយពាក់អាវ ភ្លៀងចូលទៅកាន់តំបន់ព្រៃក្រាស់ ជ្រោះជ្រលងភ្នំ និងកងកម្លាំង រុករកពីខាងលើ តំបន់ព្រៃដោយប្រើប្រាស់ឧទ្ធម្ភាគចក្រ និងយន្តហោះដ្រូន ។ហើយនៅពេលចុងក្រោយនេះកម្លាំងរុករកបាន កើនឡើងដល់ជាង១០០០នាក់ហើយដោយពាក់អាវភ្លៀងចុះប្រតិបត្តិការដោយស្វែងរកនៅតំបន់ជួរភ្នំក្រវ៉ាញ ពិសេសចំណុចភ្នំខ្មោច ដែលមានកំពស់ខ្ពស់ ស្ថិតនៅក្នុងស្រុកវាលវែងខេត្តពោធិ៍សាត់។
បើយោងតាមរយៈ លិខិតស្តីពីផែនការហោះហើរ របស់កងទ័ពអាកាសនៃក្រសួងការពារជាតិ លេខ៤១៧ /២៤ បានបញ្ជាក់ថា ឧទ្ធម្ភាគចក្រដែលបាត់ការទាក់ទង កាលពីថ្ងៃទី១២ កក្កដា គឺជាជើងហោះហើរ ដឹកនាំ ដោយ ឈ្មោះ ស៊ុន ផល្លា ប្រធាន ក្រុម និងឈ្មោះ ខេង ឆៃយុទ្ធ ជាអាកាសយានិក។
ឧទ្ធម្ភាគចក្រZ-9 លេខ MH912 នេះ មានជើងហោះហើរ ពីភ្នំពេញ -ថ្មដារ-ពោធិ៍សាត់ – ភ្នំពេញ ក្នុងភារកិច្ចហ្វឹកហ្វឺនផ្លូវឆ្ងាយឱ្យអាកាសយានិក ដែល ចេញដំណើរពីម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី១២កក្កដា និងត្រូវវិលត្រឡប់មកវិញ នៅម៉ោង១៤ រសៀលថ្ងៃដដែល។ ប៉ុន្តែឧទ្ធម្ភាគចក្រនេះ បានបាត់ការទាក់ទងនៅម្តុំភ្នំក្រវ៉ាញ។
សូមបញ្ជាក់ដែរថា ប្រតិបត្តិការស្វែងរកឧទ្ធម្ភាគចក្រដែលបាត់ដំណឹងនេះ នៅតែបន្តសកម្មភាព ដែលធ្វើឡើងដោយកម្លាំងយោធភូមិភាគទី៥ នៃអគ្គបញ្ជាការកងទ័ពជើងគោក ក្រសួងការពារជាតិ ដោយឡែក អាជ្ញាធរខេត្តពោធិ៍សាត់ដែលជាម្ចាស់ភូមិសាស្ត្រក៏បានចូលរួមគាំទ្រដោយសហការជាមួយគណៈកម្មាធិកាជាតិគ្រប់គ្រងគ្រោះមហន្តរាយ៕