សម្តេចតេជោ ហ៊ុន សែន ទាត់ចោលចំពោះការចោទប្រកាន់ថា សម្តេចបានចុះកិច្ចព្រមព្រៀងបញ្ចូលដែនដីខ្មែរទៅក្នុងដីរបស់វៀតណាម តាមរយៈការបង្កើតកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ (CLV)
ព័ត៌មានជាតិ
411

ក្នុងឱកាសអញ្ជើញថ្លែងសារពិសេសទាក់ទិនទៅនឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភាកម្ពុជា បានទាត់ចោលចំពោះការ ចោទប្រកាន់ថា សម្តេចបានចុះកិច្ចព្រមព្រៀងបញ្ចូលដែនដីខ្មែរទៅក្នុងដីរបស់វៀតណាមតាមរយៈការបង្កើតកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ (CLV)នោះ។ សម្តេចតេជោ បានបញ្ជាក់ថា «ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមិនបានចុះកិច្ចព្រមព្រៀងបញ្ចូលដែនដីកម្ពុជា ទៅក្នុងដែនដីរបស់ប្រទេសវៀតណាមឡើយ»។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) កម្ពុជាមានកិច្ចព្រមព្រៀងជំរុញ និងសម្រួលពណិជ្ជកម្ម។ កិច្ចព្រមព្រៀងស្ដីពីការផ្លាស់ប្ដូរទំនិញ និងសេវា។ កិច្ចព្រមព្រៀងស្ដីពីការដឹកញ្ជូនតាមផ្លូវគោក កម្ពុជា-វៀតណាម និងកម្ពុជាឡាវជាដើមមិនមែនជាការកាត់ដីឱ្យគេដូចជនជ្រុលនិយមបំពុលសង្គមនិយាយនោះទេ។

សូមបញ្ជាក់ជូនថា តំបន់អភិវឌ្ឍន៍ត្រីកោណនៃប្រទេសទាំង៣មានចំនួន ១៣ខេត្ត ប្រទេសវៀតណាម មានចំនួន ៥ខេត្ត (ខេត្តកុនទុម ហ្កាឡាយ ដាក់ឡាក់ ដាក់ណុង និងប៊ីងភឿក), ប្រទេសឡាវ មានចំនួន៤ខេត្ត (ខេត្តអាតាពើ សាឡាវ៉ាន់ សេកុង និងខេត្តចំប៉ាសាក់) និងកម្ពុជា មានចំនួន៤ខេត្ត (ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង)។

តំបន់អភិឌ្ឍន៍ត្រីកោណនៃប្រទេសទាំង៣ ជាតំបន់ដែលប្រកបដោយសក្តានុពល មានធនធានធម្មជាតិ និងជីវចម្រុះជាច្រើនវិស័យ។ តំបន់អភិវឌ្ឍន៍ត្រីកោណអភិវឌ្ឍន៍ (CLV) ដើរតួនាទីយុទ្ធសាស្ត្រជាកត្តាជំរុញឱ្យមានការផ្លាស់ប្តូរ ក្នុងការតភ្ជាប់តំបន់របស់យើង ឱ្យទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏រស់រវើក ដែលអាចទាក់ទាញវិនិយោគគាំទ្រដល់បណ្តាញផលិតកម្ម និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ នៅក្នុងមហាអនុតំបន់៕

ប្រភពផេកក្រសួងព័ត៌មាន


Telegram