សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានមានប្រសាសន៍ថា តាមរយៈកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ (CLV) កម្ពុជា ឡាវ វៀតណាម ធ្វើឱ្យខេត្តភាគឦសានរបស់កម្ពុជា ត្រូវបានតភ្ជាប់ផ្នែកសេដ្ឋកិច្ច ដែលត្រូវការសំខាន់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ រួមមានផ្លូវ អគ្គិសនី ទេសចរណ៍ និងការធ្វើពាណិជ្ជកម្ម។ មុនពេលអគ្គិសនីកម្ពុជាទៅដល់នៅខេត្តមណ្ឌលគិរី រតនគិរី និងក្រចេះ ត្រូវទទួលភ្លើងពីវៀតណាម។ រីឯខេត្តស្ទឹងត្រែង ពឹងពាក់ភ្លើងពីវៀតណាម។ កិច្ចសហប្រតិបត្តិការនេះ បានផ្តល់ផលប្រយោជន៍ជាច្រើន បើធៀបជាមួយវៀតណាម និងឡាវ តាមរយៈការផ្គត់ផ្គង់អគ្គិសនី ការដឹកជញ្ជូនទំនិញទៅកាន់សមុទ្រខាងទឹកដីវៀតណាម។
នៅសារពិសេសផ្ញើជូនជនរួមជាតិ ពាក់ព័ន្ធតំបន់អភិវឌ្ឍន៍ត្រីកោណ CLV (កម្ពុជា ឡាវ វៀតណាម) ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន បានកូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះ បានជួយដល់កិច្ចសន្តិសុខជាតិ រួមមានទប់ស្កាត់ការជួញដូរមនុស្ស ការរត់ពន្ធឈើ និងទប់ស្កាត់ចលនាប្រដាប់អាវុធផងដែរ ពោលគឺទប់ស្កាត់ជម្រករបស់ក្រុមជនខិលខូច។ កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណនេះ បានផ្តល់កិច្ចសហការផ្នែកអប់រំ បណ្តុះបណ្តាលធនធានមនុស្ស និងផ្នែកសុខាភិបាល។
ឆ្លៀតនាឱកាសនោះ សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានរម្លឹកថា កិច្ចប្រជុំកំពូលដំបូងនៃកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណធ្វើឡើងនៅវៀងច័ន្ទ ប្រទេសឡាវ ក្នុងឆ្នាំ១៩៩៩។ លើកទី២ នៅឆ្នាំ២០០២ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។ ក្នុងកិច្ចប្រជុំលើកទី២នោះហើយ មេដឹកនាំប្រទេសទាំង៣ បានឯកភាពគ្នាកំណត់ខេត្តត្រូវដាក់បញ្ចូលក្នុងកិច្ចសហប្រតិបត្តិការ។ កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ បានផ្តល់ប្រយោជន៍ផ្នែកសេដ្ឋកិច្ចទាំងភាគីកម្ពុជា ឡាវ និងវៀតណាម។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ទទួលបានការផ្គត់ផ្គង់អគ្គិសនីពីឡាវ ហើយឡាវ ទទួលបានការផ្គត់ផ្គង់អំបិលពីកម្ពុជា។ ជាមួយគ្នានោះ អធិបតេយ្យនៃប្រទេសនីមួយៗ ក៏មានការបោះបង្គោលព្រំដែនច្បាស់លាស់ជាមួយគ្នា។ សម្តេចតេជោសង្ឃឹមថា រាជរដ្ឋាភិបាលអាចសាងសង់ផ្លូវក្នុងខេត្តរតនគិរី ពីក្រុងបានលុង ទៅដល់កន្ទុយនាគ ប្រវែង ៦៦គីឡូម៉ែត្រ បានឆាប់៕ប្រភពក្រសួងព័ត៍មាន