សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់កំណត់ឱ្យប្រើប្រាស់ស្លាកលេខ ន.ប និង ខ.ម ឱ្យបានត្រឹមត្រូវបំផុត ចៀសវាងការច្របូកច្របល់នៅក្នុងសង្គម។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានស្នើឱ្យកំណត់បែបនេះ បន្ទាប់ពីសម្ដេចពិនិត្យឃើញថា មានអ្នកប្រើប្រាស់ស្លាកលេខ ខ.ម និង ន.ប មិនត្រឹមត្រូវមួយចំនួនបើកបរសាហាវៗ ប៉ះពាល់ដល់ស្ថាប័នកងកម្លាំងដែលប្រើប្រាស់ត្រឹមត្រូវ ហើយក៏រងការរិះគន់ផងដែរ។
ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីខួបអនុស្សាវរីយ៍លើកទី៣០ ថ្ងៃបង្កើតកងពលតូចលេខ៧០ នាព្រឹកថ្ងៃទី១៥ខែតុលានេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានស្នើឱ្យក្រសួងមានសមត្ថកិច្ចគ្រប់គ្រងឱ្យបាន ទាំងការចេញលេខឱ្យ ទាំងការប្រើប្រាស់លេខ ន.ប និង ខ.ម។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា«ចាប់ពីពេលនេះទៅ គឺប្រើប្រាស់ឱ្យចំគោលដៅ គឺតែនាយទាហានជាន់ខ្ពស់ដែលត្រូវប្រើ ខ.ម តែអ្នកផ្សេងជិះលេខធម្មតាទៅ អត់មានពីណាមកធ្វើឃាតទេ បើសិនជាមានហានិភ័យ ស្លាកលេខឡានក៏ជួយមិនរួចដែរ តែផ្ទុយទៅវិញវាធ្វើឱ្យច្របូកច្របល់ អ្នកបើកមិនពិតប្រាកដ ជួនកាលបើកសាហាវជាងអ្នកពិតប្រាកដ ដល់អ៊ីចឹង ខូចឈ្មោះអ្នកពិតប្រាកដ នេះជាបញ្ហា សូមយកចិត្តទុកដាក់គ្រប់គ្រងទៅលើកិច្ចការងារនេះ»។
សូមរម្លឹកថា កន្លងមក ក្រសួងការពារជាតិ អគ្គសម្ភារបច្ចេកទេសក៏បាន ចេញគោលការណ៍ណែនាំរឿងឡាន ខ.ម ក្រសួងមហាផ្ទៃក៏បានចេញណែនាំ រឿងស្លាកលេខ ន.ប ផងដែរ។ ថ្ងៃនេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ផ្ញើសារក្រើនរម្លឹកបន្ថែម ដើម្បីពង្រឹងកិច្ចការគ្រប់គ្រង លើការប្រើប្រាស់ស្លាកលេខ ន.ប និង ខ.ម នេះឱ្យកាន់តែមានប្រសិទ្ធភាព៕