ខេត្តកំពង់ស្ពឺ៖ ពិតជារន្ធត់ណាស់ រថយន្តស៊េរីទំនើបអាល់ផាតមួយគ្រឿង កំពុងបើកបរលើផ្លូវល្បឿនលឿន បែកកង់ខាងឆ្វេងផ្នែកខាងក្រោយរេចង្កូតទៅបុកផ្ទប់រនាំងការពារផ្លូវ ក្រឡាប់ទៅគន្លងធម្មតានិងគន្លងអាសន្ន ជាច្រើនជុំ បណ្តាលឥ្យមនុស្ស២នាក់ ស្លាប់ និង០៣នាក់រងរបួសធ្ងន់ស្រាល ចំណែករថយន្តខ្ទេចស្ទើរទាំងស្រុង ។ នេះបើយោងតាមកំណត់ហេតុ Hotline 117 ប្រចាំបញ្ជារបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១១ព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥នៅចំណុចK69 ភូមិមទុង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្ត ម៉ាក TOYOTA ALPHARD ពណ៌ ខ្មៅ ផ្លាកលេខ ភ្នំពេញ 2CC-0313 អ្នកបើកបរឈ្មោះ DENG WEN ភេទ ប្រុស អាយុ ២៥ឆ្នាំ លិខិតឆ្លងដែនលេខ EL2458994 បណ្ណបើកបរលេខ B.00388230 អាស័យដ្ឋាន ភូមិព្រៃស្ពឺ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងអ្នករួមដំណើរចំនួន ០៦នាក់ (ក្នុងនោះមានស្រីម្នាក់) បើកបរពីទិសដៅខេត្តព្រះសីហនុ ឆ្ពោះទៅរាជធានីភ្នំពេញ លុះមកដល់ចំណុចកើតហេតុខាងលើ រថយន្តបានបែកកង់ក្រោយខាងឆ្វេង បណ្តាលឲ្យរេចង្កូតទៅបុករនាំងទ្រូងផ្លូវ រួចបន្តទៅបុករនាំងការពារផ្លូវ ហើយរថយន្តក្រឡាប់នៅគន្លងធម្ម តានិងគន្លងអាសន្ន។
ក្នុងករណីគ្រោះថ្នាក់ខាងលើបណ្តាលឲ្យស្លាប់ ០២នាក់ ភេទ ប្រុស ជនជាតិ ចិន រងរបួសចំនួន ០៣នាក់ជាបុរសជនជាតិចិន ក្នុងនោះមានរងរបួសធ្ងន់ ០២នាក់ និងរងរបួសស្រាលម្នាក់ ចំណែករថយន្តវិញរងការខូចខាតស្ទើរទាំងស្រុង។
ក្រោយកើតហេតុ កម្លាំងនគរបាល បានជួយសង្រ្គោះដោយសហការពីកម្លាំងនាយកដ្ឋាន-ក្រុមហ៊ុនផ្លូវល្បឿនលឿន បានធ្វើការតាមនីតិវិធី..៕ នុច













