កំពុងជិះម៉ូតូដួលរបួស ប៉ូលិសមកដល់សួរភ័យពេករត់ លុះចាប់បានឆែកឆេររកឃើញសុទ្ធតែថ្នាំញៀន!
សន្តិសុខសង្គម
51

ខេត្តកណ្តាល ៖ ស៊យហួស! ជនសង្ស័យ២នាក់ ជាមុខសញ្ញាចាស់ មានឈ្មោះក្នុងបញ្ជីគ្រប់គ្រងមុខសញ្ញារបស់ប៉ុស្តិ៍សមត្ថកិច្ច កំពុងជិះម៉ូតូដួលរបួសហូរឈាមហើយ មកជួបនឹងសមត្ថកិច្ចកំពុងល្បាត គ្រាន់តែឃើញសមត្ថកិច្ចប្រញាប់រត់ លុះសមត្ថកិច្ចចាប់បាន ឆែកឆេររកឃើញថ្នាំញៀនជិត១០កញ្ចប់ឯណោះ។

ការបង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង ១៣ និង​ ០៥ នាទី ថ្ងៃទី ០១ ខែ​ ឧសភា ឆ្នាំ២០២៥ ចំណុចផ្លូវកៅស៊ូ​ ភូមិថ្មី ឃុំទួលព្រេជ​ ស្រុកអង្គស្នួល​ ខេត្ត​កណ្ដាល​ ។

នគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានរួមមាន ៖

១-ឈ្មោះ​ ឈៀង​ ថាត់ ហៅត្នោត​ ហៅនិត​ ភេទប្រុស អាយុ២០ឆ្នាំ​ មុខរបរមិនពិតប្រាកដ​ រស់នៅភូមិគោល​ ឃុំទួលព្រេជស្រុក អង្គស្នួល ខេត្តកណ្តាល​ (ប្រើប្រាស់​ច្រើន​លើកប្រហែល​១ឆ្នាំ​ ជួញដូរប្រហែល១ខែ)​ មានឈ្មោះក្នុងបញ្ជីគ្រប់គ្រងមុខសញ្ញារបស់ប៉ុស្តិ៍ របួសបែកមាត់​ រលាត់ចង្កា​ ម្រាមជើងសងខាង​ បាតដៃឆ្វេង​ ស្មាឆ្វេង​ ។

២-ឈ្មោះ​ ឡេង​ ពិសី​ ហៅសី ភេទប្រុស​ អាយុ​១៨ឆ្នាំ​ មុខរបរ​មិនពិតប្រាកដ​ រស់នៅភូមិគោល​ ឃុំទួលព្រេជស្រុក អង្គស្នួល ខេត្តកណ្តាល​ (ប្រើប្រាស់​និងជួញដូរច្រើន​លើកប្រហែល​១ខែ)​ មានឈ្មោះក្នុងបញ្ជីគ្រប់គ្រងមុខសញ្ញារបស់ប៉ុស្តិ៍ របួសបែកមាត់​ រលាត់ចង្កា​ ស្មាស្តាំ​ កំភួនដៃស្តាំ​-ឆ្វេង កដៃ-ខ្នងដៃស្តាំ​ ជង្គង់ឆ្វេង​ និងរបួសចាស់ខ្នងជើងស្តាំដេរ៩ថ្នេរ)។ ទាំង២នាក់ មានសារធាតុញៀនក្នុងទឹកនោម(+)​ ។

ក្នុងនោះសមត្ថកិច្ចដកហូតបាន វត្ថុតាងដកហូត  ៖

-ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)​០៨កញ្ចប់​តូច ទម្ងន់=១,៣០ក្រាម។

-ទូរស័ព្ទ​ដៃ១គ្រឿង​ ម៉ាកoppo ពណ៌បៃតង

-ម៉ូតូ​១គ្រឿង​ ម៉ាកsuzuki smash V ពាក់ផ្លាកលេខកណ្តាល1R 5596​ (ចាស់ទ្រុឌទ្រោម)

សមត្ថកិច្ចបានឲ្យដឹងថាទៀតថា មុនពេលកើតហេតុ​ កម្លាំងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល​ទួលព្រេជ​ សហការជាមួយ​កម្លាំងប្រជាការពារ​ ចេញល្បាតនៅក្នុងភូមិសាស្ត្រ​ លុះដល់ចំណុចកើតហេតុ​ បានជួបជនសង្ស័យទាំង២នាក់កំពុងជិះម៉ូតូដួលមានរបួសរលាត់ពេញដៃជើងនិងដងខ្លួន​ ។ ពេលនោះកម្លាំងសមត្ថកិច្ចបានសួរនាំស្រាប់តែឈ្មោះ​ ឈៀង​ ថាត់​ ស្ទុះរត់គេចខ្លួន​ ទើបកម្លាំងសមត្ថកិច្ចដេញតាមចាប់បានភ្លាមៗ និងឆែករកឃើញម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)​០៨កញ្ចប់​តូច​ ដែលឈ្មោះ​ ឈៀងថាត់​ បោះចោលលើដី រួចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល​ ដើម្បីបន្តនីតិវិធី។

នៅចំពោះមុខសមត្ថកិច្ច​ ជនសង្ស័យ​បានឆ្លើយសារភាពថា​ ថ្នាំញៀន៨កញ្ចប់តូចនៅចំពោះមុខនេះ​ ជារបស់ពួកខ្លួនទិញពីមុខសញ្ញាមិនស្គាល់នៅខេត្តកំង់ស្ពឺ​ ក្នុងតម្លៃប្រាំបីម៉ឺនរៀល​ យកមកលក់បន្ត​ និងប្រើប្រាស់​រួមគ្នា ។

ពេលនេះជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕នុច 



Telegram