ខេត្តកណ្តាល ៖ បុរសម្នាក់ ជិះម៉ូតូលឿនទៅបុកជាមួយជណ្ដើរដែកដែលមានចងអំពូលភ្លើង ជាសញ្ញាសម្រាប់បំភ្លឺមុខរោងបុណ្យសព បន្ដទៅប៉ះនឹងបង្គោលរោងបុណ្យសព ខ្ទាតអ្នកបើកម៉ូតូចូលក្រោយរថយន្ដព្រូសដែលចតទុកចោលក្នុងរោងបុណ្យ រងរបួសធ្ងន់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង២៩នាទីយប់ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ លើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ២១-២២ ស្ថិតក្នុងភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល។
នគរបាលចរាចរណ៍ស្រុកពញាឮបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយម៉ូតូមួយគ្រឿងម៉ាកHONDA DREAM C125 (ឆ្នាំ2025) ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1LJ-7063 បើកបរដោយឈ្មោះ សំបូ មុនីបញ្ញា ភេទប្រុស អាយុ ៣៩ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្ដកណ្ដាល មិនពាក់មួកសុវត្ថិភាព ក្នុងទិសដៅពីត្បូង ទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ជ្រុលទៅបុកជាមួយជណ្ដើរដែកដែលមានចងអំពូលភ្លើង ជាសញ្ញាសម្រាប់បំភ្លឺមុខរោងបុណ្យសព ហើយបន្ដទៅប៉ះនឹងបង្គោលរោងបុណ្យសព បណ្ដាលឱ្យអ្នកបើកបរម៉ូតូខ្ទាតចូលក្រោយរថយន្ដម៉ាកTOYOTA PRIUS ពណ៌ ស (ឆ្នាំ2010) ពាក់ផ្លាកលេខ ភ្នំពេញ 2BQ-8441 ដែលចតទុកចោលក្នុងរោងបុណ្យ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

ចំណែកវត្ថុតាងម៉ូតូខាងលើ ត្រូវបានកម្លាំងប៉ុស្ដិ៍នគរបាលយកមករក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកតាទែនដើម្បីបន្ដនីតិវិធី ខណៈសមត្ថកិច្ចបញ្ជាក់ថា ករណីនេះ បណ្តាលមកពី៖អ្នកបើកបរម៉ូតូ បើកបរធ្វេសប្រហែល ខ្វះការប្រុងប្រយ័ត្ន មិនពិនិត្យស្ថានភាពផ្លូវខាងមុខអោយបានច្បាស់លាស់ពេលកំពុងបើកប ដោយនៅខាងមុខរោងបុណ្យមានដាក់ភ្លើងបំភ្លឺជាសញ្ញា និងមានដាក់សាជី ផងដែរ ៕ នុច
