រាជធានីភ្នំពេញ ៖ បុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ដើររសាត់អណ្តែតតាមផ្លូវគ្មានគោលដៅពិតប្រាកដ រហូតមកដេកស្លាប់នៅលើកង់បីរបស់ប្រជាពលរដ្ឋ ដែលម្ចាស់ចតខាងមុខផ្ទះ ផ្អើលសមត្ថកិច្ចចុះមកធ្វើកោសល្យវិច័យពិនិត្យ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១ព្រឹក ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ ស្ថិតត្រង់ចំណុចបេឡានផ្សារថ្មី ក្នុងសង្កាត់ផ្សារថ្មីទី០១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនកើតហេតុ កង់បីខាងលើត្រូវបានម្ចាស់ចតទុកក្រោមផ្ទះដូចសព្វមួយដង ហើយក៏បឡើងទៅសម្រាកនៅបន្ទប់ជួលខាងលើបាត់ ។ លុះចុះមកក្រោមវិញ ក៏ឃើញបុរសខាងលើមិនស្គាល់អត្តសញ្ញាណ មានវ័យប្រហែល ៤០ឆ្នាំ ដើររសាត់អណ្តែតតាមផ្លូវគ្មានគោលដៅពិតប្រាកដ បានមកដេកនៅលើកង់បីរបស់គាត់ លុះដាស់មិនភ្ញាក់សោះ ស្ទាបមើលទើបដឹងថាស្លាប់ទៅហើយមិនដឹងតាំងពីពេលណា ក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចចុះមកធ្វើការពិនិត្យ បញ្ជាក់ថា សពស្លាប់ដោយសារខ្យល់គរ និងប្រគល់សពអោយរថយន្ដសាមុយដឹកទៅវត្តទួលសង្កែ រង់ចាំស្រាវជ្រាវរកសាច់ញ្ញាតិយកធ្វើបុណ្យតាមប្រពៃណី៕ នុច





