នាយកដ្ឋានព្រហ្មទណ្ឌ បុកចូលបង្ក្រាបសំបុកក្រុមចោរឆក់យ៉ាងសកម្ម ក្នុងខណ្ឌបឹងកេងកង
សន្តិសុខសង្គម
52

រាជធានីភ្នំពេញ ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបក្រុមចោរឆក់ចំនួន៤នាក់ ក្រោយធ្វើសកម្មភាពនៅខណ្ឌបឹងកេងកង

នៅថ្ងៃទី៣០ ខែមេសាឆ្នាំ២០២៥ វេលាម៉ោង០៨៖៤០នាទី នៅចំណុចមុខអាផាតមិនផាមហោស៍​ ផ្លូវ​៦៣ ​ភូមិ៨ ​សង្កាត់​បឹង​កេងកង​ទី​១​ ខណ្ឌ​បឹង​កេង​កង​ រាជ​ធានី​ភ្នំពេញ​ មានជនសង្ស័យចំនួន០៣នាក់ ភេទប្រុស ជិះម៉ូតូ០១គ្រឿងម៉ាក Honda Scoopy ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1LJ-0371 បានធ្វើសកម្មភាពឆក់កាបូបបានសម្រេចពីជនរងគ្រោះឈ្មោះ​ EMMA BOOCK JENSEN ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិដាណាម៉ាក។

សម្ភារៈបាត់បង់រួមមាន៖

១.លិខិត​ឆ្លងដែន​០១ក្បាល

២.ទូរស័ព្ទ​០១គ្រឿង​ ម៉ាក​IPHONE 15 PRO ពណ៌​ស

៣.លុយខ្មែរចំនួនប្រហែល៣០មឺនរៀល

៤.លុយដុល្លារចំនួនប្រហែល​ ៨០ដុល្លារ​អាមេរិក​

៥.កាតធនាគារDarsk Bank មួយចំនួន០១សន្លឹក។

ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, លោកវរសេនីយ៍ឯក ឆាន់ គីមលី និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង និងខណ្ឌច្បារអំពៅ ដោយបានធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ រហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ជនសង្ស័យដែលបានប្រព្រឹត្តបទល្មើសខាងលើ។

លុះនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង២១៖៤០នាទី កម្លាំងជំនាញបានបន្តដឹកនាំសហការ ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន០៤នាក់រួមមាន៖

-ទី១.ឈ្មោះ ផុន សិលា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ

-ទី២.ឈ្មោះ វ័ន្ត ឌីណា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ

-ទី៣.ឈ្មោះ ពង្ស ផែន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ

-ទី៤.ឈ្មោះ រុំ ម៉ៃ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរត្រង់ចំណុចសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្រោយពីសាកសួរជនសង្សយ័ទាំង៣បានឆ្លើយសារភាពដូចគ្នាថា កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ពួកខ្លួនពិតជាបានធ្វើសកម្មភាពជិះម៉ូស្កុបពីពណ៌ខ្មៅឆក់កាបូបនារីរងគ្រោះជនជាតិបរទេសពិតប្រាកដមែន។ ប៉ុន្តែវត្ថុតាងពួកខ្លួនបានយកទៅបោះចោលអស់ហើយ។

បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងកសាងសំណុំរឿងតាមនីតិវិធីបន្ត។


Telegram